ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តបុកម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ប្តីប្រពន្ធ មួយរំពេច នៅលើដងផ្លូវ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ រវាងរថយន្តបុកម៉ូតូកង់បី បណ្តាលឲ្យបុរសម្នាក់ និងស្តី្រម្នាក់ជាប្តីប្រពន្ធបានស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០២ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែតលេខ ៣៧៣_៣៧៤ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់០២នាក់ប្ដីប្រពន្ធឈ្មោះ ស៊ុន ជៀន ភេទប្រុស អាយុ៤៥ឆ្នាំ ជាប្តី និងអ្នករួមដំណើរឈ្មោះ ភន់ ច័ន្ទថា ភេទស្រី អាយុ៤៧ ឆ្នាំ ត្រូវជាប្រពន្ធ ទាំង០២នាក់ប្តីប្រពន្ធ មានទីលំនៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូកង់បី ក្នុងទិសដៅពីលិច ទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត០១គឿង ម៉ាក Lexus NX 200 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ 2B .7979 អ្នកបើកបរក្ដាប់ឈ្មោះមិនបាន (បានរត់គេចខ្លួនពីកន្លែងកើតហេតុ) បន្សល់ទុកតែរថយន្ត បានបុកម៉ូតូកង់បីពីក្រោយពេញទំហឹង ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យ ស្លាប់ទាំង០២នាក់ប្តីប្រពន្ធនៅនិងកន្លែងកើតហេតុតែម្តង ចំពោះមូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។

​ បច្ចុប្បន្នម៉ូតូកង់បីនិងរថយន្តខូចខាតធ្ងន់ ត្រូវនគរបាលជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើការត្រួតពិនិត្យរួច ៕

មតិយោបល់