ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់សោម៉ូតូ រួចបញ្ឆេះម៉ាស៊ីនបានបន្តិច ម្ចាស់ឃើញទាន់ ផ្តួលរត់គេចខ្លួន នៅជាប់ខ្នោះរបស់សមត្ថកិច្ចដដែល

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រាប ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារ ទទឹងចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួច (កាច់សោលួចម៉ូតូ) ករណីនេះកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ចាយ ចាន់ ស្ថិតក្នុងភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង៥០នាទីថ្ងៃទី០៥ ខែមករា​ ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯកនាងវុធអធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីចោរលួចកាច់សោយកម៉ូតូ នៅចំណុចផ្ទះឈ្មោះ ចាយ ចាន់ ដោយពេលជនសង្ស័យបានកាច់សោម៉ូតូ រួចបញ្ឆេះម៉ាស៊ីនម៉ូតូបានបន្តិច ម៉ូតូក៏រលត់ម្ចាស់ឃើញទាន់ ចាប់កន្ទុយម៉ូតូជនសង្ស័យបានផ្តួលម៉ូតូរត់គេចមកទិសខាងត្បូង ។

ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្នារទទឹង បានចេញប្រតិបត្តិការស្ទាក់ចាប់ជនសង្ស័យ ហើយបានឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១៥និង២៣នាទី នៅចំណុចភូមិក្រូចសើចឃុំខ្នារទទឹង ។

លោកអធិការបានបន្តថា ម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខពោធិ៍សាត់1I 9487 ។ ចំពោះម៉ូតូសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ឈ្មោះ ចាយ ចាន់​ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដើមរការឃុំខ្នារទទឹង។

ចំពោះជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ព្រាប ពៅ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ ៕

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកបាកាន ដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់