ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បើកវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកស្លាប់ម្នាក់

ត្បូងឃ្មុំ: កាលពីថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង២៨នាទី លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣០-១៣១ ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ម៉ូតូ បណ្តាលឲ្យស្លាប់និងរងរបួសមនុស្ស២នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រវាងម៉ូតូនិងរថយន្ត ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1AD-2246 បើកបរដោយឈ្មោះ ខាន់ វ៉ាន់ណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានអ្នករួមដំណើរជាមួយឈ្មោះ រុំ ឡូត អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានទិសដៅស្របគ្នា ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកវ៉ាជែងរថយន្តដែលបើកបរនៅពីមុខ ម៉ូតូបើកបរពីក្រោយ រួចបត់ស្តាំ ត្រូវរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-6555 មិនស្គាល់ឈ្មោះនិងអាសយដ្ឋាន បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ម៉ូតូនិងរថយន្តខូចខាតកម្រិតធ្ងន់ ។ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ អ្នករងគ្រោះនិងសាកសព មិនពាក់មួកសុវត្ថិភាព ។ ជនរងគ្រោះត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ។

មូលហេតុ៖ បណ្តាលមកពីម៉ូតូបត់ក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក បន្តអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់