ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តម៉ាក Lexus RX-330 មួយគ្រឿងទាំងស្រវឹងហើយបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យរងការខូចខាតខ្ទចមុខយ៉ាងដំណំ ប៉ុន្តែអត់ដឹងថា បុកជាមួយអ្វីឲ្យប្រាកដនោះទេ រួចបានដោះ
ផ្លាកលេខ បកយកប័ណ្ណបង់ពន្ធ ឆៀក និងមីញ៉ែតពន្ធចេញ ។ បន្ទាប់មកគ្របក្រណាត់និងចតចោលតាមផ្លូវបេតុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងនគរបាលុះទៅមើល កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
ប្រជាពលរដ្ឋបាននិយាយថា នៅពេលប្រទះឃើញ រថយន្ត១គ្រឿងចតចោលដោយគ្របក្រណាត់ជិត ពួកគាត់ មានការសង្ស័យយ៉ាងខ្លាំងក៏បានបើកមើលស្រាប់តែឃើញរថយន្តម៉ាកLexus RX-330 ពណ៍ស្ករ គ្មានស្លាកលេខ អត់ប័ណ្ណបង់ពន្ធ ឆៀក និងមីញ៉ែតពន្ធរងការខូចខាតខ្ទេចមុខយ៉ាងដំណំ។ ទើបនាំគ្នារាយការណ៍ជូននគរបាលប៉ុស្តិ៍កាកាបទី១ និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យចុះទៅពិនិត្យមើល ព្រោះខ្លាចរថយន្តនេះមានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេង។
ប្រភពដដែលបានបន្តថា ក្រោយមកមានបុរសម្នាក់មិនស្គាល់អតបតសញ្ញាណម្នាក់ ស្លៀកខោខ្លីពណ៌ខៀវពាក់អាវយឺតពណ៌ខ្មៅដៃខ្លី អះអាងប្រាប់នគរបាលថា ជារថយន្តរបស់ខ្លួនហើយបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ កាលពីយប់មិញតែដោយបើកទៅអត់ដល់ផ្ទះ ទើបចតទុកចោលនៅទីនោះតែម្ដង។ ប៉ុន្តែគាត់និយាយមិនបានច្បាស់ថា កើតនៅត្រង់ចំណុចណាមួយនោះទេដោយម្ដងថា នៅខណ្ឌទួលគោក ម្ដងថានៅខណ្ឌសែនសុខ និងម្ដងទៀតថា ខ្លួននិងប្រពន្ធបានជិះចេញពីកន្លែងផឹកស៊ីនៅម៉ុងឌីយ៉ាល់ ហើយបានជិះទៅទិញទឹកហូបនៅរង្វង់មូលចោមចៅ។ លុះត្រឡប់មកវិញក៏បានបុក បារ៉ាស់នៅទីនោះ ហើយក៏បើកបន្តទៅផ្ទះលែងរួចទើបសម្រេចចិត្តចតទុកចោលនៅតាមផ្លូវតែម្ដង។
ដោយសារតែនិយាយមិនច្បាស់បែបនេះ ទើបនគរបាលស្ទូចយកទៅរក្សាទុកជាបណ្ដោះអាសន្នសិន រង់ចាំឲ្យម្ចាស់ទៅចង្អុលបង្ហាញពីទីកន្លែងគ្រោះថ្នាក់ឲ្យបានច្បាស់លាស់ថា ពុំមានការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋឬឯកជនណាមួយសិន
ទើបប្រគល់រថយន្តជូនគាត់វិញបាន៕
មតិយោបល់