ភ្នំពេញៈ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនខ្មាន់កាំភ្លើងបានម្ដុំសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមរំឮកផងដែរថា ការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យរូបនោះ គឺពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន ៤គ្រាប់ ត្រង់ចំណុចហាងយីហោ ស៊ីកនេតឈ័រ តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។
ខ្មាន់កាំភ្លើងឈ្មោះ វណ្ណៈ ជាមន្ដ្រីយោធា នៅក្រសួងការពារជាតិ។
ដកហូត៖ អាវុធខ្លីមួយដើម ម៉ាក Glock និងរថយន្ដ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញខ្មាន់កាំភ្លើងខាងលើ បានចូលទៅផឹកក្នុងហាង ប៉ុន្តែមិនដឹងមានរឿងអ្វីទេ អង្គុយផឹកស៊ីសុខៗ ស្រាប់តែដកកាំភ្លើងចេញពីចង្កេះដាក់គ្រាប់ រួចទុកលើតុ ដោយឃើញដូច្នេះ មេការហាងបានដើរសំដៅទៅជិតហើយនិយាយថា សុំទោសបងទុកកាំភ្លើងវិញទៅ ធ្វើបែបនេះភ្ញៀវក្នុងហាងមានការភិតភ័យណាស់បង។ ក្រោយមកជននោះ បានគិតលុយរួចរាល់ចាកចេញទៅបាត់មួយសន្ទុះ ក៏ឃើញជិះម៉ូតូមកវិញ និងដកកាំភ្លើងបាញ់ផ្លាកយីហោហាង បង្កឲ្យមានការភ្ញាក់ផ្ញើល សមត្ថកិច្ចចុះដល់ទីតាំងប្រមូលគ្រាប់សំណរ ចំណែកជនសង្ស័យ បើកម៉ូតូរត់គេចបាត់៕
មតិយោបល់