ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកែវស្រាបៀរ វាយក្បាលជនជាតិស៊ុយអែត

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៤០នាទីព្រឹក នៅចំណុចភោជនីយដ្ឋាន ខ្មែរថេស ស្ថិតនៅតាមបណ្តោយផ្លូវសុខសាន្ត ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិខ្មែរ បានធ្វើសកម្មភាពយកកែវស្រាបៀរចំនួន០២ វាយទៅលើក្បាលជនរងគ្រោះជាច្រើនដង បណ្តាលឲ្យបែកហូរឈាម ហើយគេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាននាវេលាម៉ោង១២និង៣០នាទី ក្នុងថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ លឹម មុន្នីផល្លា ភេទប្រុស កើតថ្ងៃទី១៩-០៥-១៩៨៥ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ALA OSMO TAPANI ភេទប្រុស កើតថ្ងៃទី១៨-០៥-១៩៦០ ជនជាតិស៊ុយអែត កាន់លិខិតឆ្លងដែនលេខ ៩៥៤៧០៩៤១ ជាភ្ញៀវទេសចរ ស្នាក់នៅភូមិគ្រឹះ Black and White ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ជនរងគ្រោះជាបក្ខពួកមនុស្សដែលបានសម្លាប់ពូនិងមីង ជនសង្ស័យកាលពីឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិក ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន​ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់