ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តបែនដឹកដី រេពេញផ្លូវ បណ្តាលឲ្យបុករះរថយន្ត២គ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តបែនដឹកដីមួយគ្រឿង អ្នកបើកបរក្នងស្ថានភាពស្រវឹងស្រា បើករេពេញផ្លូវជ្រុលទៅបុករថយន្តដឹកអេតចាយបើកច្រាសទិស បន្តទៅបុករថយន្តឃ្លប់ដឹកទំនិញមួយគ្រឿងទៀត បណ្តាលឲ្យខ្ទេចមុខគាបជាប់គ្នា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងសភាពអន្ទង់អាំង ក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បែនដឹកដី ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-7710 អ្នកបើកបរដែលគេដឹងថា ទើបងើបចេញពីកន្លែងផឹកស៊ី ស្រវឹងស្រា បានបើកតាមផ្លូវបេតុងក្នុងភូមិតាភេម ពីលិចទៅកើត ល្បឿនលឿន ហើយរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ ជាចំណុចស្ថានភាពផ្លូវអន្ទង់អាំងផង ក៏បានរេចង្កូតទៅបុករថយន្តកូរ៉េ ម៉ាក KIA ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2N-3675 ដឹកអេតចាយ បើកច្រាសទិស ហើយរថយន្តបង្ក បន្តបើកទៅមុខក៏ជ្រុលទៅបុករថយន្តកូរ៉េឃ្លប់ដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1618 មួយគ្រឿងទៀត បណ្តាលឲ្យខ្ទេចគាបជាប់គ្នា តែសំណាងល្អ ពុំមានអ្នកណាររងរបួស គ្រាន់តែខូចខាតសម្ភារ:

ក្រោយកើតហេតុ ភ្លាមៗត្រូវបាននគរបាលប៉ុស្តិ៍ចុះទៅឃាត់នាំអ្នកបើកបររថយន្តបង្ក នាំយកទៅប៉ុស្តិ៍កំបូល ហើយវត្តមាននគរបាលជំនាញ ចុះទៅពិនិត្យ វាស់វែងរួច យករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូល រង់ចាំដោះស្រាយពេលក្រោយ តាមនីតិវិធី ៕

មតិយោបល់