កោះកុងៈ កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទីល្ងាច មានករណី ផឹកស៊ីស្រវឹង ទំនាស់ពាក្យសម្ដីគ្នា ក្មួយប្រសារ បានយកពូថៅវាយទៅលើពូ បណ្តាលឲ្យពកត្រង់ឆ្អឹងជំនីរផ្នែកខាងឆ្វេង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ជនសង្ស័យឈ្មោះ ថា ថៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ចំណែកជនរងគ្រោះឈ្មោះ ពុធ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅជាមួយគ្នា ។
មូលហេតុ៖ បណ្តាលមកពីទំនាស់ពាក្យសំដីគ្នា ពេលកំពុងផឹកស្រា ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនទាំងពីរនាក់ ស៊ីផឹកជាមួយគ្នា នៅចំណុចខាងលើ មួយសន្ទុះក្រោយមក ស្រាប់តែឮមាត់ខ្លាំងៗដាក់គ្នាទៅវិញទៅមក មិនដឹងជារឿងហេតុអ្វីនោះទេ ហើយក៏ឈានដល់ទាស់ពាក្យសម្តីដាក់គ្នា ស្រាប់តែក្មួយប្រសារទាញពូថៅដែលនៅក្បែរនោះ វាយទៅលើពូមួយពូថៅ ចំឆ្អឹងជំនីរ ផ្នែកខាងឆ្វេង បណ្តាលឲ្យពក រងរបួសធ្ងន់ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
បន្ទាប់ពីសមត្ថកិច្ចចុះមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ ក៏ឃាត់ខ្លួនក្មួយប្រសារ ដែលជាបង្ក នាំខ្លួនទៅកាន់ប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់