ព័ត៌មានជាតិ

អាសូរណាស់! សន្តិសុខក្រុមហ៊ុនម្នាក់ ដង្ហោយឲ្យជួយគាត់ផង ក្រោយត្រូវម៉ូតូបើកបុករបួសធ្ងន់

ភ្នំពេញៈ បុរសជាសន្តិសុខក្រុមហ៊ុនម្នាក់ ទទួលរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងជិះកង់សុខៗ ត្រូវបានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបុកពីក្រោយ ហើយបើករត់គេចទៅបាត់ ជនរងគ្រោះលើកដៃសំពះអង្វរដង្ហើយឲ្យជួលដល់រូបគាត់ផង កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ លី យ៉ួង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ សន្តសុខក្រុមហ៊ុនឯកជន យាមតាមរោងចក្រ ស្នាក់នៅមិនពិតប្រាកដ ក្រុមហ៊ុនចាត់ចែងឲ្យយាមត្រង់ណា ស្នាក់នៅត្រង់នោះ មានស្រុកកំណើតភូមិថ្មដា ឃុំថ្មដា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះក្នុងឯកសណ្ឋានកងសន្តិសុខក្រុមហ៊ុនឯកជន ជិះកង់ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចខាងលើ ដងផ្លូវមានសភាពងងឹត ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ព្រោះយប់មើលមិនច្បាស់ បើកល្បឿនលឿនបើកពីកើតទៅលិច ជ្រុលទៅបុកកង់ជនរងគ្រោះពីក្រោយទាំងកំរោល បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកខាងម៉ូតូរងរបួសស្រាល លើកម៉ូតូបើកគេចទៅបាត់ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ហេតុតែជីវភាពក្រីក្រ ខ្វះខាត គាត់សុខចិត្តមករកការងារធ្វើ គ្រាន់បានប្រាក់ខែបន្តិចបន្តួចជួយដល់គ្រួសារឯស្រុក រាល់ថ្ងៃជិះកង់ដើរយាមតាមរោងចក្រ ក្រុមហ៊ុន តាមដែលគេចាត់ឲ្យទៅយាមចល័ត ឥឡូវជួបគ្រោះថ្នាក់បែបនេះទៀត មានតែលើកដៃសំពះអង្វរពេទ្យ សប្បុរសជន ជួយដល់រូបគាត់ផង ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

មតិយោបល់