ព័ត៌មានជាតិ

បញ្ជូនជនដែលត្រូវចោទចំនួន៤នាក់ ទៅមណ្ឌលអប់រំកែប្រែ ម១ តាមដីកា បង្គាប់អោយឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទ ឆបោកនិងសម្អាតប្រាក់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ករណីបញ្ជូនជនដែលត្រូវចោទចំនួន៤នាក់ ទៅមណ្ឌល អប់រំកែប្រែ ម១ តាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទ ឆបោកនិងសម្អាតប្រាក់។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹង និងទទួលបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារឹទ្ធ អគ្គស្នងការរងទទួលផែន សន្តិសុខ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រោមការដឹកនាំបញ្ជា ផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ នាំខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ១-ឈ្មោះ ប៊ុន ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ៣-ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា ៤-ជនសង្ស័យឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ពាក់ព័ន្ធនឹងករណី ” ឆបោក និងសម្អាតប្រាក់“ នាំមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម ផ្លូវច្បាប់ ។

តាមការបញ្ជាក់ពីសមត្ថិកច្ចជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោកប្រាក់តាមការទំនាក់ទំនងតាមបណ្តាញសង្គម ដោយលួងលោមបោកបញ្ចោតមនោសញ្ចេតនា ពីប្រជាពលរដ្ឋនៅក្នុងប្រទេសនិងជនបរទេសក្រៅប្រទេស ឲ្យផ្ញើប្រាក់មក ឲ្យខ្លួននៅប្រទេសកម្ពុជា តាមរយ:ភ្នាក់ងារផ្ញើនិងដកប្រាក់ និងធនាគារមួយចំនួន បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យ ក៏ផ្ញើប្រាក់នោះទៅបក្ខពួកផ្សេងៗ ដែលមានក្បាលម៉ាស៊ីនដឹកនាំនិងអង្គការចាត់តាំងដោយទទួលបានភាគលាភទៅតាមតួនាទី រៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិដើម្បីទទួលប្រាក់នៃបទល្មើសនោះទៅទិញ អចលនទ្រព្យនិងបើកអាជីវកម្មផ្សេងៗ ដើម្បីទៅ បំលែងជាហិរញ្ញប្បទានស្របច្បាប់រួចបន្តផ្ញើប្រាក់ទាំងនោះ ទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណងដើម្បីសម្អាតប្រាក់ ដែល បានមកពីអំពើឆបោក ។

បច្ចុប្បន្ន ជនដែលត្រូវចោទទាំង០៤នាក់ ត្រូវបានចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងឲ្យភ្នាក់ងារមានសមត្ថ កិច្ច នៃកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១(ម១)ហើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុម ជនឆបោក បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕

មតិយោបល់