ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្តកៀរម៉ូតូ បណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់មនុស្ស០១នាក់ និង០២នាក់រងរបួស ក្នុងដំណើរស្របទិសគ្នា ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ស្ថិតនៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ លាយពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0908 សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 4A-0050 បើកបរដោយឈ្មោះ វិត ដាវីន ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអូគ្រៀត ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានកៀរម៉ូតូ០១គ្រឿង បណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K-6947 បើកបរដោយឈ្មោះ ជៀប សោភ័ណ្ឌ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន (ស្លាប់) និងអ្នករួមដំណើរ០២នាក់ទៀត៖ ទី១-ឈ្មោះ សុខ សូរិយា ភេទស្រី អាយុ ៣៣ ឆ្នាំ រស់ភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ត្រូវជាប្រពន្ធនៃសព (រងរបួសបាក់កជើងខាងស្តាំ) និងទី២-ឈ្មោះ ភ័ណ្ឌ សុផាណិត ភេទប្រុស អាយុ ១២ ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន (ត្រូវជាកូន) (រងរបួសស្រាល) ចំពោះអ្នករងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។
ចំពោះរថយន្តនិងម៉ូតូ សមត្ថកិច្ចប្រគល់ជូនជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់