ភ្នំពេញៈ សពទារកម្នាក់ត្រូវបានគេប្រទះឃើញ នៅក្នុងបន្ទប់ទឹក របស់ក្រុមជាងសំណង់ មិនស្គាល់មុខ ជនណាយកសពក្មេងទៅបោះប្លុងចោលបែបនេះ ហាក់បីដូចជាគ្មានព្រហ្មវិហារធម៌ បង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង នៅក្រុម៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
សពទារកក្នុងសភាពគ្មានខោអាវ បើតាមការសន្និដ្ឋានប្រហែលអាយុទើប៣ខែ ។
បើតាមសម្តីយុវជនឈ្មោះ និល សណ្តុះ អាយុ២០ឆ្នាំ មុខរបរជាកម្មករសំណង់ នៅកន្លែងកើតហេតុ មានទីលំនៅ ភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកនេះ គ្រាដែលគាត់មកដល់កន្លែងធ្វើការ ដើរចូលបន្ទប់ទឹក ស្ថិតនៅខាងក្រោយការដ្ឋាន ស្រាប់តែប្រទះឃើញតែម្តង ទើបឆោឡោរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះពិនិត្យមើល ។
តាមប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើ បានឲ្យដឹងថា ពួកគាត់មិនដឹងថាអ្នកណាមានកូនតូច ស្លាប់ហើយយកទៅបោះប្លុងចោលបែបនេះទេ ។ ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរិះគន់ផងដែរដល់មាតាបិតារបស់សពទារក មិនគួរណា កូនបង្កើតដែលកើតមកហើយ ទោះស្លាប់ក្តី គួរគប្បីចិត្តឲ្យមានព្រហ្មវិហារធម៌ខ្លះផង យកទៅបោះចូលដូចសត្វធាតុ ព្រោះថាពលរដ្ឋខ្មែរយើងប្រកាន់នូវ ទំនៀមទំលាប់ ជំនឿ ព្រះសាសនា ។
ក្រោយពីប្រទះឃើញសពទារក សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរ ប្រគល់ជូនអាជ្ញាធរមូលដ្ឋាន រួមជាមួយពលរដ្ឋ យកសពទារកទៅរៀបចំពិធីតាមបែបសាសនានៅវត្តជម្ពូវ័ន ៕
មតិយោបល់