ព័ត៌មានជាតិ

បុគ្គលិកធនាគារម្នាក់ ជិះម៉ូតូបុករថយន្តកំពុងបត់ បណ្តាលឲ្យដួលរងរបួសធ្ងន់

តាកែវ: នៅថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០និង៣៨នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក នីសាន់ហ្វ្រន់ធា ពណ៌ទឹកមាស ពាក់ផ្លាកលេខ តាកែវ 2A-4473 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងត្បូង នៅពេលកំពុងបត់ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង មកបុកចំទ្វារថយន្តខាងស្តាំតែម្តង ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CU-4284 បើកបរដោយឈ្មោះ សុខ ចន្ធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី ។ រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ ករណីខាងលើបណ្តាលមកពីរថយន្តបត់ឆ្វេងឆ្លងផ្លូវ ៕

មតិយោបល់