ព័ត៌មានជាតិ

ចៅក្រមស៊ើបសួរ សម្រេចមិនឃុំខ្លួនស្ត្រីម៉ាស្សាម្នាក់ តែដាក់ក្រោមការត្រួតពិនិត្យ

កណ្ដាលៈ ស្ត្រីម៉ាស្សាម្នាក់ដែលថៅកែបង្ខំឲ្យរួមភេទជាមួយភ្ញៀវ រួចមានការប្រតាយប្រតប់គ្នាធ្វើឲ្យមានរបួសនោះ ឥឡូវត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចមិនឃុំខ្លួនដាក់ពន្ធនាគារទេ តែដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ស្ត្រីរូបនេះអាយុ២៦ឆ្នាំ ត្រូវបានលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ធ្វើការចោទប្រកាន់ពីបទ”ហិង្សាដោយចេតនាទៅវិញទៅមក”តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ។

ពេលនាំមកតុលាការ ស្ត្រីរូបនេះបដិសេធថា ពុំមានចេតនាធ្វើឱ្យបុរសឈ្មោះ ធី សម្ផស្ស អាយុ៣៣ឆ្នាំ មុខរបរចុងភៅ រងរបួសនោះទេ ។

ស្ត្រីរូបនេះរៀបរាប់ទាំងទឹកភ្នែកថា ថៅកែហាងម៉ាស្សាបង្ខំឱ្យចូលភ្ញៀវរួមភេទ តែនាងប្រកែកព្រោះអត់ស្រួលដោយសារមកថ្ងៃខែ។ ឈ្មោះ ធី សម្ផស្ស ឱ្យប្រាក់៣ម៉ឺនរៀល ដើម្បីរួមភេទ នាងយល់ព្រម ។ ក្រោយបានម្តងហើយ ធី សម្ផស្ស ចង់បានម្តងទៀត តែនាងប្រកែក។ ទំនងជាខឹង ធី សម្ផស្ស បានចាប់ដោះខោអាវរហែកខ្ទេច រួចថៅកែស្រីហាងម៉ាស្សា យកកាំបិតគំរាមអារ.កសម្លាប់ចោល ប្រសិនបើមិនរួមភេទជាមួយភ្ញៀវទេ ។

នាងរៀបរាប់ទាំងយំបណ្តើរថា ក្រោយប្រតាយប្រតប់គ្នា នាងធ្វើឱ្យកាំបិតមុចចំជើងឈ្មោះ ធី សម្ផស្ស ហើយថៅកែស្រី ហៅប៉ូលិសចាប់ខ្លួននាងតែម្តង ។ នាងសូមឲ្យសមត្ថកិច្ច ចាត់វិធានការលើហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ ទាំងអស់ ។

ប៉ុន្តែទោះបីយ៉ាងណា ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនតែស្ត្រីម៉ាស្សាម្នាក់ប៉ុណ្ណោះ រីឯឈ្មោះ ធី សម្ផស្ស និង ថៅកែ ដែលបើកកន្លែងម៉ាស្សាលួចបើកអាជីវកម្មផ្លូវភេទ សមត្ថកិច្ចពុំទាន់មានចំណាត់ការផ្លូវច្បាប់ឡើយ ៕

មតិយោបល់