ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យជំនាញគាស់ បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិបាន៧នាក់

ភ្នំពេញ: ជនសង្ស័យចំនួន៧នាក់ សុទ្ធតែជំនាញខាងគាស់ បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការក្រុងភ្នំពេញ បង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង ៧នាក់ ក្នុងនោះមានអ្នកសារព័ត៌មន២នាក់ ៖ ទី១ ឈ្មោះ សួង ដែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ទី២ ឈ្មោះ ហ៊ុន ណាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ ងី កប ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ទី៤ ឈ្មោះ យិន ធី ហៅតឿ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ទិញលក់ទូរស័ព្ទដៃ ស្នាក់នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៥ ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ទី៦ ឈ្មោះ សំសិលា ចិត្ត្រា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ និងទី៧ ឈ្មោះ ចែម សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមនគរបាលធ្វើការបង្ហាញមុខជនសង្ស័យ នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ឲ្យដឹងថា ជនសង្ស័យមួយក្រុមនេះ ជំនាញខាងគាស់ បើកទ្វាររថយន្ត លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ៥ករណី សម្ភារ: លុយកាក់ របស់មានតម្លៃ ជាច្រើនត្រូវបាត់បង់ ហើយក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវ រហូតឈានដល់ ចាប់ខ្លួនជនសង្ស័យ ក្នុងរយ:ពេល២ថ្ងៃ គឺថ្ងៃទី០៩ និងទី១០ ឃាត់ខ្លួនជនសង្ស័យសរុប៧នាក់ ដកហូតបានសម្ភារ: វត្ថុតាងមួយចំនួនទៀត ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យទាំង៧នាក់ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់