ព័ត៌មានជាតិ

ក្រុមចោរជិះម៉ូតូ passapp ចូលគាស់ផ្ទះក្នុងបុរី លួចយកទ្រព្យសមប្បត្តិ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: បន្ទាប់ពីទទួលបានព័ត៌មាន ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគាស់ផ្ទះ នៅបុរីឡាយគង់ កម្លាំងជំនាញនៃអធិការនគរបាល ខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង ករណីលួចគាស់សោរផ្ទះលួចយកទ្រព្យសម្បត្តិ។ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលនោះកម្លាំងសមត្ថកិច្ច បានឃើញជនសង្ស័យមួយក្រុម កំពុងធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅបុរីឡាយគង់ខាងលើ ហើយកម្លាំងសមត្ថកិច្ច ក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន០៥នាក់៖
១-ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៤-ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៥-ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក៖១/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GS-3459 មានលេខម៉ាស៊ីន AN101133 ចំនួន០១គ្រឿង,២/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HU-1437 មានលេខម៉ាស៊ីន AZZWJG 17447 ចំនួន០១គ្រឿង,៣/ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8481 មានលេខ ម៉ាស៊ីន 0025439 ចំនួន០១គ្រឿង
៤/ទូរស័ព្ទដៃ ចំនួន០៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាសចំនួន០១ គ្រឿង, ម៉ាក Skyទស្សនា ពណ៌ទឹកមាស ចំនួន ០១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន០១គ្រឿង)។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចថា ពួកគេ(ជនសង្ស័យ) ពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ បង្អួចផ្ទះ និងឆ្កឹះសោទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ជាច្រើនលើកទៀតផង យកទៅលក់បាន លុយទិញថ្នាំញៀនជក់ និងផឹកស៊ីជាមួយបក្ខពួក។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់