ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចម៉ូតូយកទៅដោះផ្លាកលេខ ចំពេលសមត្ថកិច្ចកំពុងល្បាតក្របួចជាប់

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីលួចម៉ូតូបានសម្រេចជិះយកទៅដោះផ្លាកលេខចេញ ដែលលួចកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យឈ្មោះ លីម វិសាល ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល (ឃាត់ខ្លួន មានសារធាតុញៀន)។

តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ ខាត់ ភា អាយុ ២២ឆ្នាំ បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1C-5414 មកឈប់ចតនៅមុខបន្ទប់ជួលរបស់បងថ្លៃនៅជាន់ផ្ទាល់ដី (ដោយពុំបានចាក់សោកម៉ូតូ) រួចជនរងគ្រោះបានដើរឡើងជាន់ទី២ចូលបន្ទប់បាត់ ដោយឃើញសភាពស្ងាត់ជនសង្ស័យបានចេញពីក្នុងបន្ទប់ ធ្វើសកម្មភាពយកដៃស្ដាំលូកទាញខ្សែភ្លើងបញ្ឆេះរួចទើបតខែ្សវិញ សម្រាប់បញ្ឆេះម៉ូតូ រួចក៏បានជិះចេញទៅ រហូតដល់ចំណុច ផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ក៏បានឈប់ម៉ូតូដើម្បីឆ្កិះផ្លាកលេខចេញបានសម្រេច ក៏ជួបនឹងសមត្ថកិច្ចល្បាតមកដល់ ក៏ហៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ទើបដឹងថាម៉ូតូខាងលើជនសង្ស័យបានលួចយកទៅដ៉ផ្លាកលេខចេញ ក្រោយពីការសួរនាំ រួចសហការប្រគល់ជនសង្ស័យ និងម៉ូតូមកប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ៕

មតិយោបល់