ព័ត៌មានជាតិ

លាន់សូរប្រាវ! មិនដឹងធ្វើដំណើរពីណាខ្លះទេចេញមកមើលឃើញដេកស្តូក៣នាក់ក្រោយមកស្លាប់ម្នាក់

ភ្នំពេញៈ មនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតបានដាច់ខ្យល់ស្លាប់​នៅលើរថយន្តសង្គ្រោះ ខណៈពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ម៉ាក​Honda Wave ឌុបនារីម្នាក់ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូធំមួយគ្រឿង ម៉ាក YAMAHA XT ក្នុងល្បឿនយ៉ាងលឿន​ ទៅចំពីមុខពេញមួយទំហឹង ខ្ទាតទៅបោកក្បាល​នឹងថ្នល់ ដេកស្ដូកនៅហ្នឹងកន្លែង បណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់​។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃ​​ ទី៥ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយ​មហាវិថីសម្ដេចតេជោ (ហៅផ្លូវ៦០ម៉ែត្រ​)​ ត្រង់ចំណុចជិតព្រំប្រទល់សង្កាត់ចាក់អង្រែក្រោម ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ថា នៅមុនពេលកើតហេតុ​ គាត់មិនបានដឹងច្បាស់ថា ភាគីទាំងសងខាងធ្វើដំណើរមកពីណាខ្លះនោះទេ​ ព្រោះគ្រាន់តែលឺ​សូរប្រាវ​ គាត់ក៏រត់ចេញទៅមើលឃើញ ម៉ូតូទាំងពីរគ្រឿង និងឃើញមនុស្សប្រុសស្រី៣នាក់ដេកស្ដូកស្ដឹងដួលនៅហ្នឹងកន្លែងកើតហេតុហើយ ដោយឃើញភាគីខាងម៉ូតូ ម៉ាក​ Honda Wave ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FC-5378​ ជិះឌុបគ្នាពីរនាក់(បុរសម្នាក់នារីម្នាក់)​ និងម្ខាងទៀតម្ចាស់ម៉ូតូជាបុរសម្នាក់ ធ្វើការសន្តិសុខក្រុមហ៊ុន​ឯកជន​ ជិះម៉ូតូធំម៉ាក YAMAHA XT ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GV-6048 ។

ភាគីទាំងសងខាងបានផ្លោងបោកទៅនឹងថ្នល់រងរបួសបែកក្បាលហូរឈាមបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅសង្គ្រោះផងដែរ។
ក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានមកដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្គ្រោះ​ ខណៈដែលបុរសដែលជាម្ចាស់ម៉ូតូHonda Wave មានស្ថានភាពរបួសធ្ងន់ធ្ងរពេក​ ទើបបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត តែគាត់ក៏បាន​ដាច់ខ្យល់ស្លាប់ មុនទៅដល់មន្ទីរ​ពេទ្យ​ ។

លុះពេលទៅដល់ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់ក៏បានពិនិត្យមើលដែរ​ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបប្រគល់សពឲ្យរថយន្ត​សង្គ្រោះ​គ្លីនិកហុងហាក់ដឹកយកមកកន្លែងកើតហេតុវិញ​ ដើម្បីរងចាំសមត្ថកិច្ច​ ធ្វើការស្រាវជ្រាវ​ រក​អត្តសញ្ញាណ​ជនរងគ្រោះ​ទាក់ទងសាច់ញាតិ​ យកទៅធ្វើបុណ្យ​។
សមត្ថកិច្ចបានឲ្យ​ដឹងថា សពមានឈ្មោះ​ ជ​ វុទ្ធី​ ភេទប្រុស​ អាយុ៣០ឆ្នាំជាងស្នាក់នៅ ក្រុម៣​ ភូមិចម្រើនផល​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ ក្រុងភ្នំពេញ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ និងសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានទាក់ទងទៅកាន់សាច់ញាតិរបស់ជសពឲ្យមកដល់កន្លែងកើតហេតុ​ រួចប្រគល់សពជនរងគ្រោះ​ ទៅអោយសាច់ញាតិទទួលយកទៅធ្វើបុណ្យនៅខេត្តតាកែវ ។ ចំណែកឯម៉ូតូត្រូវសមត្ដកិច្ចធ្វើការវាស់វែង​ និងយកម៉ូតូយកទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំធ្វើការដោះស្រាយ ពេលក្រោយទៀត៕​

មតិយោបល់