ព័ត៌មានជាតិ

ហួសចិត្ត! រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ស្រាប់តែមានជនឆ្លៀតឱកាស មកលួចយកម៉ូតូជនរងគ្រោះទៅបាត់

ភ្នំពេញ: នៅវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ ខណ:កំពុងជិះម៉ូតូសុខៗ នៅលើដងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពីក្រោយអូសជាច្រើនម៉ែត្រ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តបង្កបើករត់គេចបាត់ស្រមោល មិនតែប៉ុណ្ណោះក៏មានជនឆ្លៀតឱកាសមកលួចយកម៉ូតូជនរងគ្រោះទៅបាត់ទៀត។

សពជនរងគ្រោះឈ្មោះ កែវ ពុធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិតាង៉ៅ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ស្លែ ដែលមានផ្លាកលេខ ភ្នំពេញ 4646 មិនចាំអក្សរនៅពីមុខត្រូវបានចោរលួចយកបាត់ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦៩ ទិសដៅពីត្បូងទៅជើង ក្នុងគោលបំណងទៅលេងផ្ទះបងប្អូន ខណ:ធ្វើដំណើរមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង មកពីក្រោយមិនចាំម៉ាកបើកមកស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿនបានបុករួចអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម ។ ចំណែករថយន្តបង្កព្យាយាមបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ អ្វីដែលហួសចិត្ត ជនរងគ្រោះស្លាប់បាត់ហើយ ស្រាប់តែមានជនឆ្លៀតឱកាសលួចយកម៉ូតូគាត់យកទៅបាត់ទៀត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីស្រស់ ៕

មតិយោបល់