ព័ត៌មានជាតិ

រថយន្តមួយគ្រឿងក្រឡាប់ បណ្តាលឲ្យមនុស្ស៧នាក់ រងរបួសធ្ងន់ស្រាល នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោងប្រមាណ០៤ និង៥២នាទី នាពេលល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង រថយន្តមួយគ្រឿង បានក្រឡាប់ បណ្តាលឲ្យមនុស្សប្រុសស្រីជាច្រើននាក់ រងរបួសធ្ងន់ស្រាល នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានជនរងគ្រោះទាំងអស់ចំនួន៧នាក់ ក្នុងនោះប្រុស៤នាក់ ស្រ្តីម្នាក់ និងក្មេងតូច២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់ផងដែរ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ៣ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកវ៉ាជែងរថយន្តផ្សេងទៀត ដែលនៅកៀកគ្នា ខណ:នោះតៃកុងភ័យស្ទាក់ស្ទើរ បានបើករថយន្តរេចង្កូតពេញផ្លូវ បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់ស្រាលមនុស្ស៧នាក់ នៅកន្លែងកើតហេតុ ។ ភ្លាមៗនោះដែរ ជនរងគ្រោះប្រុសស្រីទាំង៧នាក់ ត្រូវបានដឹកបញ្ជូនតាមរថយន្ដសង្រ្គោះរបស់អង្គភាព (ង៧០) យកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ វាស់វែង និងធ្វើកំណត់ហេតុ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់