កំពង់ធំៈ កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូបុកគូទរថយន្តពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ នៅផ្លូវជាតិលេខ៦ ភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ពណ៌ក្រហមចាស់ ពាក់ផ្លាកលេខកំពង់ធំ1K-8882 បើកបរដោយជនរងគ្រោះឈ្មោះ រ៉ា រាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លុះបើកបរមកដល់ចំណុចកើតហតុ បានបុកគូទរថយន្តមួយគ្រឿងម៉ាក PETER LIT ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3C-4981 សណ្ដោងសឺមីរ៉ឺម៉ក ដឹកសាំងរបស់ក្រុមហ៊ុន អិល អេច.អរ ពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ 4A-6940 បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ វាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ នឹងស្វែងរកម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់