ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្តកាមរី បុកឡានព្រូសពេញទំហឹង បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត។

រថយន្តបង្កម៉ាក កាមរីហាយប្រ៊ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-7757 បើកបរដោយបុរសម្នាក់។
រថយន្តរងគ្រោះម៉ាក តូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-7370 ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ៣នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តរងគ្រោះធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿង ធ្វើដំណើរពីជើងទៅត្បូង បើកបរសោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា មកបុកពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល និងរថយន្តរងការខូចខាតទាំងពីរគ្រឿង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សានៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់