ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ សហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកពួកឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខៀវ​ ខន​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ រស់នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ​ខេត្តសៀមរាប ពីបទអំពើលួច(ម៉ូតូ)​ នៅចំណុចវត្តស្លាតរំជ័យ ស្ថិតនៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានបញ្ជាក់ថា នៅវេលាម៉ោង២២ និងថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ អៀម​ ឡូញ​ ភេទ​ប្រុស​ អាយុ៣០ឆ្នាំ រស់នៅភូមិ ល្វា​ ឃុំ​គោកវត្ត​ ស្រុក​វ៉ារិន​ ខេត្ត​សៀមរាប​ មុខរបរ​ អ្នកដាក់ប៉េងប៉ោងគប់ បានបាត់ម៉ូតូម៉ាក Suzuki Smash ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១២ លេខតួលេខម៉ាស៊ីន១០៧៩២០ គ្មានផ្លាកលេខ នៅវេលាម៉ោង៣និង០០នាទី​ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២០ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនបានដើរកាត់ទីនោះឃើញម៉ូតូនៅខាងក្រៅនិងមានសោស្រាប់ក៏ចូលទៅលួចយកជិះបម្រុងទៅលក់នៅស្រុកពួក តែត្រូវកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកពួក ឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវក្រហម ភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានពិនិត្យឃើញជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ។ ចំណែកម៉ូតូ សមត្ថកិច្ចបាន ប្រគល់ទៅម្ចាស់ដើមវិញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕

មតិយោបល់