ព័ត៌មានជាតិ

កំពូលល្បិចស្កាត់ពីខេត្តកំពង់ចាម មកឆបោកយកម៉ូតូ នៅបាត់ដំបង តែត្រូវអស់លក្ខណ៍នៅខេត្តកំពង់ឆ្នាំង

បាត់ដំបងៈ កាលពីថ្ងៃទី១៤ និង ទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ និងចំណុចភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី(ឆបោក) យក ម៉ូតូបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយចំនួន០២នាក់ ធ្វើសកម្មភាព(ឆបោក) យកម៉ូតូរបស់ជនរងគ្រោះក្នុងខណៈដែលពួកគេប្រើកលល្បិច ធ្វើជាអ្នកជិះម៉ូតូឌុបឱ្យឌុបពួកគេ ទៅដល់គោលដៅដែលគេគ្រោងទុកហើយ បក្ខពួកគេម្នាក់ចុះនៅគោលដៅនោះ រីឯបក្ខពួកម្នាក់ទៀតធ្វើជានិយាយសុំខ្ចីម៉ូតូពីម្ចាស់មួយភ្លែតដើម្បីទៅយកអ្វីមួយ ។ ដោយការទុកចិត្តថា មាន បក្ខពួកគេម្នាក់ស្ថិតនៅទីនេះ ម្ចាស់ម៉ូតូបានហុចសោម៉ូតូឱ្យខ្ចី ពេលបានម៉ូតូហើយជនសង័្សយជិះយកទៅបាត់តែម្តង រីឯបក្ខពួកម្នាក់ទៀតក៏បានគេច ខ្លួនពីទីនោះបាត់ដែរ។

ជនរងគ្រោះទាំងពីរនាក់នោះគឺ៖១-ឈ្មោះ ប៊ិន រ៉ាត់ ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅ ភូមិបេង ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ២-ឈ្មោះ សេក វណ្ណ ភេទប្រុស អាយុ៦៥ឆ្នាំ រស់ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន០២គ្រឿង ។

ក្រោយពេលធ្វើសកម្មភាព និងអនុវត្តតាមបទបញ្ជា ផ្ទាល់ពី លោកឧត្ដមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ដឹកនាំសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង រហូតឈានទៅកំណត់មុខសញ្ញាបាន និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង ជនសង័្សយជាមុខសញ្ញាធ្វើសកម្មភាពចំនួន០២នាក់ត្រូវបានឃាត់ខ្លួននោះគឺ៖

១-ឈ្មោះ ផន ដារ័ត្ន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិ អូរកំបុត ឃុំជ្រៃវៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។ ២-ឈ្មោះ អ៊ុក ថា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិ អូរកំបុត ឃុំជ្រៃវៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។

វត្ថុតាងដកហូតបានម៉ូតូរបស់ជនងគ្រោះទាំងពីរគ្រឿងប្រគល់ជូនម្ចាស់វិញក្រៅពីម៉ូតូនៅមានសម្ភារៈមួយចំនួនទៀតគឺ៖ ស្លាកលេខ ម៉ូតូ ចំនួន០៣ សន្លឹក ,ឧបករណ៍ សម្រាប់ កឹប ស្លាកលេខ ម៉ូតូ ចំនួន ០១ ,តួណឺវីស ចំនួន០៣ ,ដង្កាប់ ចំនួន ០២ ,កូន សោរ សម្រាប់ ដោះ គ្រឿង ម៉ូតូ ចំនួន០៤ ។

បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងតែ ធ្វើការ កសាងសំណុំរឿង ដើម្បី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

មតិយោបល់