ព័ត៌មានជាតិ

ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២២ ក្រោមប្រធានបទ «ជនជាតិដើមភាគតិចនិងការអប់រំ»

ភ្នំពេញៈ ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២២ឆ្នាំ២០១៦ ត្រូវបានគណៈកម្មាការរៀបចំកម្មវិធី បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ ហៅកាត់ IPFN របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF ) រួមជាមួយដៃគូម្ចាស់ជំនួយ និងអង្គការសង្គម ស៊ីវិលជាតិ និងអន្តរជាតិជាច្រើនទៀត នឹងរៀបចំធ្វើនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៦ ក្នុងខេត្តកំពង់ស្ពី ក្រោមប្រធានបទពិភពលោក «ជនជាតិដើមភាគតិចនិងការអប់រំ»

ប្រធានបទក្នុងឆ្នាំនេះ លើកឡើងពីបញ្ហានៃការទទួលបាននូវសេវាអប់រំសម្រាប់ជនជាតិដើមភាគតិច ការលើកកម្ពស់ការអប់រំដែលសមស្របតាមការចង់បានរបស់ជនជាតិដើមភាគតិច និងបញ្ហាប្រឈមនានារបស់ជនជាតិដើមភាគតិច ក្នុងគោលបំណងបង្ហាញនូវសំឡេងជនជាតិភាគតិចក្នុងការចូលរួមជួយដោះស្រាយបញ្ហាផ្សេងៗ ដែលជនជាតិភាគតិចបានកំពុងជួប ប្រទះទាក់ទងទៅនឹងបញ្ហាវប្បធម៌ ការអប់រំ សុខភាព សិទ្ធិមនុស្ស បរិស្ថាន សង្គម និង សេដ្ឋកិច្ទ និងដើម្បីពង្រឹងនូវកិច្ទសហប្រតិបត្តិការរវាងសហគមន៍ជនជាតិដើមភាគតិច ជាមួយនឹងអាជ្ញាធរមូលដ្នានជាសមូហភាព។

ក្នុងទិវាជនជាតិដើមភាគតិចពិភពលោកនេះ មានក្រុមការងារជនជាតិដើមភាគតិចនឹងរៀបចំសម្តែងពីសិល្បៈ វប្បធម៌ ប្រពៃណី និងការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច នៅតាមតំបន់និមួយៗ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និង អង្គការនានាដែលធ្វើការជាមួយជនជាតិដើមភាគតិច នឹងមានអ្នកចូលរួមប្រមាណជា ១.០០០នាក់ ។

ចំណែកលោក សៅ វណ្ណសី នាយកប្រតិបត្តិនៃអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច ហៅកាត់ថា អាយ ស៊ី អេស អូ បានមានប្រសាសន៍កាលពីប៉ុន្មានថ្ងៃនេះថា”ម្សិលមិញយើងបានរៀបចំធ្វើនៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម ហើយគ្រប់សកម្មភាព ដើម្បីគាំទ្រ និង លើកកម្ពស់ពីការកំណត់អត្តសញ្ញាណនៃជនជាតិដើមភាគតិច ការកំណត់បញ្ជីនីតិបុគ្គល និង លិខិតសារាចរណ៍នានា ដើម្បីការពារសិទ្ធិជនជាតិដើមភាគតិច ដែលទាក់ទងទៅនឹងបញ្ហាដែលកើតមាន គឺបញ្ហាធនធានធម្មជាតិ និង បញ្ហាដីធ្លីជាដើម ដោយសារតែពួកគាត់មិនទាន់បានចុះបញ្ជីសមូហភាពច្បាស់លាស់នៅក្នុងសហគមន៍ដែលគាត់រស់នៅ”។

លោក សៅ វណ្ណសី បានសម្តែងការអបអរសាទរ ទិវាជនជាតិដើមភាគតិចពិភពលោក ដែលកំពុងប្រារព្ធនៅកម្ពុជា ក៏ដូចជានៅប្រទេសទូទាំងពិភពលោក ហើយលោកសង្ឃឹមថា ពួកគាត់នឹងយល់ដឹងបានពីអ្វីដែលជាអត្តសញ្ញាណ ប្រពៃណីវប្បធម៌ ដើម្បីបង្ហាញជាតិ និង អន្តរជាតិឱ្យកាន់តែយល់ច្បាស់ថែមទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ទសង្គមវប្បធម៌ រួមគ្នាក្នុងភាពសុខដុមរមនា។

សូមបញ្ជាក់ថា ជនជាតិដើមភាគតិចប្រមាណជាង៣០០លាននាក់ នៅក្នុងប្រទេសប្រមាណជាង៧០ បាននិងកំពុងរៀបចំអបអរសាទរនិងប្រារព្វទិវាអន្តរជាតិ ជនជាតិដើមភាគតិចលើកទី២២ ក្រោមប្រធានបទពិភពលោក «ជនជាតិដើមភាគតិចនិងការអប់រំ»នេះ៕

photo_2016-08-08_14-58-10photo_2016-08-08_14-58-12photo_2016-08-08_14-58-14photo_2016-08-08_14-58-15

មតិយោបល់