ព័ត៌មានជាតិ

ពលករកម្ពុជា១១នាក់ ឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដោយជិះលើចានដែក បានលិចបាត់ខ្លួន២នាក់

ប៉ៃលិន: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្រ្តីម្នាក់ និងអ្នកស៊ីឈ្នួលចម្លងម្នាក់ ជាពលករបានបាត់ខ្លួន លិចចូលទឹក ខណ:ដែលឆ្លងដែន ពីប្រទេសថៃមកកម្ពុជា ដោយជិះចានដែកទាំងប្រថុយប្រថាន ហើយត្រូវទឹកកួច បណ្តាលឲ្យក្រឡាប់ចានដែក លិចបាត់ កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ល្បាត១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សូមជម្រាបថា ពលករចំណាកស្រុកសរុបចំនួន ១១ នាក់ បាននាំគ្នាឆ្លងដែនតាមទឹកមកកម្ពុជាវិញ តាមចានដែក បានរួចផុតចំនួន ០៩ នាក់ មកដល់ត្រើយម្ខាង ខាងនៃទឹកដីកម្ពុជា ។

ជនរងគ្រោះដែលហូរទៅតាមទឹក ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃ ក៏ប្រលែងចានដែក ដែលជនរងគ្រោះជិះពីលើ បណ្តាលក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់ ។

ប្តីជនរងគ្រោះឈ្មោះ ហោ ឆេន អាយុ៤៣ ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) កូនស្រីឈ្មោះ ឆេន ដានេត អាយុ ១៥ ឆ្នាំ(បានឆ្លងផុតមកខាងកម្ពុជា) ៕

មតិយោបល់