ព័ត៌មានជាតិ

ស្លុតចិត្ត! ឪពុកម្តាយចេញទៅធ្វើការ ទុកកូនអាយុ៤ឆ្នាំ២នាក់ នៅចាំរោងស្នាក់នៅ បណ្តាលឲ្យកូនលង់ទឹកថ្លុកស្លាប់ទាំងដៃកាន់ជាប់គ្នា

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងស្រី២នាក់ អាយុ៤ឆ្នាំ ដែលមានឪពុកម្តាយផ្សេងគ្នា បានស្លាប់ ទាំងដៃកាន់ជាប់គ្នា ក្នុងថ្លុកទឹក ខណៈឪពុកម្តាយក្មេងរងគ្រោះទាំង២នាក់ បាន ទុកពួកគេ ឲ្យនៅចាំរោងស្នាក់នៅ ហើយចេញទៅធ្វើការបាត់អស់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី នៅរោងចក្រ អគ្គិសនីធ្យូងថ្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

បន្ទាប់ពីឪពុកម្តាយបានចេញទៅធ្វើការបាត់ ក្មេងស្រី២នាក់ បានចុះលេង ថ្លុកទឹកដែលមានជម្រៅជ្រៅ បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់ រួមមាន៖ (១-ឈ្មោះ ថន ស្រីនិត អាយុ៤ឆ្នាំ ឪពុកឈ្មោះឈន សុភាព អាយុ៣៧ឆ្នាំ ម្តាយឈ្មោះ ខន ខួច អាយុ៤១ឆ្នាំ , ២-ឈ្មោះ ចន មុន្នីនាថ អាយុ៤ឆ្នាំ ឪពុកឈ្មោះ ចន មុន្នីតុលា អាយុ៣៧ឆ្នាំ, ម្តាយឈ្មោះបិត សុខភី អាយុ៤០ឆ្នាំ) ។

តាមការបំភ្លឺពីឪពុកម្តាយក្មេងរងគ្រោះទាំង២នាក់ បានឲ្យដឹងថា នៅពេលព្រឹកម៉ោង៨និង០០នាទី ពួកគាត់បានទៅធ្វើការ ដោយទុកកូននៅរោងស្នាក់នៅកន្លែងកើតហេតុ ។
លុះដល់ម៉ោង១១និង០០នាទី ត្រឡប់មកវិញ មិនឃើញកូននាំគ្នាដើររក ឃើញស្បែកជើងនៅមាត់ទឹកថ្លុក ក៏ចុះរាវឃើញកូនៗរបស់គាត់ដៃកាន់ចាប់ជាប់គ្នា រួចស្រង់ពីទឹក បញ្ជូនទៅមណ្ឌលសុខភាពឃុំរាម តែគ្រូពេទ្យថា ក្មេងទាំង២នាក់បានស្លាប់ហើយ ។

កម្លាំងជំនាញបានប្រគល់សពក្មេងទាំង២នាក់ ជូនឪពុកម្តាយចាត់ចែងតាមប្រពៃណី ៕

មតិយោបល់