ភ្នំពេញៈ បុរសម្នាក់អាងខ្លួនជាមន្រ្តីនគរបាលអន្តោប្រវេសន៍ បានដកកាំភ្លើងភ្ជង់គំរាមបុរសជាអ្នកបើករថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល ដោយសារតែរឿងគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះ បានកើតកាលពីវេលាម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែងស្តុបគោកជេ តាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កមានឈ្មោះ ពុធ ឌីណា អាយុ៣៥ឆ្នាំ មានមុខរបរ ជាមន្រ្តីនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស៍ ស្នាក់នៅអង្គភាព។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុងក្រុមហ៊ុនកាពីតូលមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ៣C-៥៣៧៧ បានបើកបរចេញពីចំណតរថយន្តនៅម្ដុំក្បែរអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើកបរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកជិតចំណុចស្តុបគោកជេ រថយន្តក៏បានស៊ីញ៉ូបត់ស្ដាំ ស្រាប់តែមានបុរសម្នាក់ជាមន្រ្តីនគរបាលបានជិះម៉ូតូ១គ្រឿងម៉ាកឃ្លិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១DC-៦០៥៦ ធ្វើដំណើស្របគ្នារួចក៏បានវ៉ារថយន្តក្រុងនោះ ហើយក៏បានប៉ះពារគ្នាតែម្ដង។
ក្រោយមកក៏មានការឈ្លោះប្រកែកគ្នា ដែលបុរសជាមន្រ្តីនគរបាល បានចោទប្រកាន់បុរសបើកបររថយន្តក្រុងថា បើករថយន្តគៀរម៉ូតូរបស់គាត់ ហើយបុរសជាមន្រ្តីនគរបាលបានវ៉ៃកម្ទេចស្តុបមុខផ្នែកខាងស្ដាំរបស់រថយន្តក្រុង រួចហើយបានដកកាំភ្លើងខ្លីម៉ាកឡុកអូទ្រីស ចេញពីក្រោមកែបម៉ូតូ យកមកភ្ជង់បុរសជាអ្នកបើកបររថយន្តក្រុងតែម្ដង។
បច្ចុប្បន្នបុរសជាមន្រ្តីនគរបាល(ជនបង្ក) ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/wueVjxepkJg
មតិយោបល់