បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកជាមួយម៉ូតូ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលំវិស្វកម្មទៅភូមិតេជោភ្នំឆ័ត្រ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ហ៊ីង ក្រោន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ សេរី២០១៦ ពាក់ស្លាកលេខ ប.មានជ័យ 1I.6781 និងអ្នករួមដំណើរម្នាក់ឈ្មោះឃឿន ឃីម ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ភូមិជាមួយគ្នា។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកបរម៉ូតូបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុមានផ្លូវកោង ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក មានរថយន្ត០១គ្រឿងម៉ាកតូយូតាឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ. 2D.6989 បើកបរដោយឈ្មោះ ដា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីកើតទៅលិច ក៏បានរអិលរេចង្កូតទៅបុកអ្នកជិះម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហ៊ីង ក្រោន បាក់ដៃឆ្វេង ជើងឆ្វេង និងអ្នករួមដំណើរឈ្មោះ ឃឿន ឃីម របួសបាក់ជើងស្តាំ ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកវត្ថុតាងម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់