ព័ត៌មានជាតិ

ពូស្រែកហៅឲ្យជួយដឹកគោមិនឮឆ្លើយ នាំគ្នាដើររកបែរជាឃើញចងកសម្លាប់ខ្លួនចោលប្រពន្ធ កូនទៅវិញ

ភ្នំពេញ: បុរសម្នាក់បន្ទាប់ពីមកលេងផ្ទះពូ មិនបានមួយព្រឹកផង ទើបតែបាន៣ម៉ោង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសដែលសម្រេចចិត្តធ្វើអត្តឃាតដោយខ្លួនឯង មានឈ្មោះ ម៉ូវ សាវឿន អាយុ ៤០ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ស្រីណាវ អាយុ ៣៨ឆ្នាំ មុខរបរកសិករ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ថ្វីត្បិតតែបុរសរូបនេះមានស្រុកកំណើតនៅក្នុងភូមិកើតហេតុក៏ពិតមែន តែក្រោយពីមានប្រពន្ធ ក៏បានទៅរស់នៅស្រុកខាងប្រពន្ធ នៅភូមិតាលាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ច្រើនឆ្នាំមកហើយ ។

តាមបុរស ម៉ូវ វិត អាយុ ៤៦ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាពូ រស់នៅផ្ទះកើតហេតុបានឲ្យដឹងថាគាត់ទើបតែទៅស្រុកភ្នំស្រួចយកក្មួយ នៅវេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះទេ ស្រាប់តែនៅវេលាម៉ោង៧ព្រឹកថ្ងៃដដែលនេះ គាត់ឃើញក្មួយរបស់គាត់ចូលបន្ទប់ទឹកដែរ តែមិនបានចាប់អារម្មណ៍ លុះត្រូវដឹកគោយកទៅចង គាត់ក៏ហៅរកក្មួយឲ្យជួយដឹកគោ តែមិនឮសូរឆ្លើយសោះ ចូលបន្ទប់ទឹកយូរម្ល៉េះ មិនអស់ចិត្តដើរទៅរុញទ្វារ ស្រាប់តែប្រទះឃើញក្មួយ ចងកស្លាប់បាត់ទៅហើយ ដោយយកខ្សែគោចងភ្ជាប់នឹងមេដំបូល ទើបឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះពិនិត្យ ។

តែបើតាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងដែរថា អស់រយ:ពេល៣ថ្ងៃក្រោយ បុរសខាងលើ មានអារម្មណ៍មិននឹងហ្ន និយាយស្តីមិនប្រក្រតី ខណ:ដែលគ្មានទំនាស់ បញ្ហាអ្វីក្នុងគ្រួសារសោះ បែរជាកើតមានអាការ:រសេះរសោះ មិនចូលផ្ទះ ភាំងៗ ហាក់ដូចជាមនុស្សខ្មោចចូល (នេះបើតាមអបិយជំនឿខ្មែរ) ដោយឃើញមិនស្រួល ប្រពន្ធក៏បានហៅឪពុកមា ឈ្មោះ ម៉ូវ វិត ឲ្យទៅជួយមើល នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ម្សិលមិញ ហើយឌុបនាំមកផ្ទះក្នុងភូមិត្មាតពង សង្កាត់បឹងធំ វេលាម៉ោង៤ទៀបភ្លឺ ស្រាប់តែដល់វេលាម៉ោងកើតហេតុស្រាប់តែ ប្រទះឃើញចងកសម្លាប់ខ្លួនទៅវិញ ។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាតដោយខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់