ព័ត៌មានជាតិ

Update៖ កូនស្រីអាយុទើបតែ១៣ខែលង់ទឹកធុងស្លាប់ ខណៈដែលម្តាយកំពុងជាប់រវល់

ភ្នំពេញ: អាសូរណាស់ សង្ស័យម្តាយរវល់ទើបបណ្តាលឲ្យកូនស្រី អាយុទើប១៣ខែលេងទឹកធុង បណ្តាលឲ្យលង់ស្លាប់ទាំងវ័យក្មេង ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅបន្ទប់ជួល ផ្លូវលំ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ពុធ សង្វា អាយុ១៣ខែ មានម្តាយឈ្មោះ គី អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិរកាអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីម្តាយត្រឡប់មកពីធ្វើការវិញ បាននាំកូនស្រី (ក្មេងរងគ្រោះ) ពីកន្លែងយាយទៅបន្ទប់ជួលកន្លែងកើតហេតុ បន្ទាប់មកសង្ស័យម្តាយជាប់រវល់ ទើបមិនចាប់អារម្មណ៍រឿងកូន រហូតមួយសន្ទុះក្រោយមក ស្រាប់នឹកដើររកកូន ស្រាប់តែឃើញលង់ទឹកធុងក្នុងបន្ទប់ទឹក ទើបស្រែកផ្អើលឆោឡោ ដល់អ្នកជិតខាងនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ តែអកុសលស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុទើបរាយការណ៍ទៅអាជ្ញាធរមាន សមត្ថកិច្ច ចុះទៅពិនិត្យ និងធ្វើកំណត់ហេតុរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

មតិយោបល់