ព័ត៌មានជាតិ

ស្ត្រីម្នាក់ដោតខ្សែភ្លើងឆ្នាំងដាំបាយអគ្គិស​នី សង្ស័យដៃសើម បណ្ដាលឲ្យឆក់ដួលផ្ងារក្រោយស្លាប់មួយរំពេច

បន្ទាយមានជ័យ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្ត្រីម្នាក់ដែលគេស្គាល់ជាភរិយារបស់មេភូមិ ត្រូវអគ្គិសនីឆក់ស្លាប់ នៅពេលដោតខ្សែភ្លើងដាំបាយ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទីព្រឹក នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ៖ ស្ត្រីរងគ្រោះឈ្មោះ ថាត់ ហួច ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ត្រូវជាប្រពន្ធលោកមេភូមិបុស្បូវ) ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានដោតខ្សែភ្លើងឆ្នាំងដាំបាយអគ្គិស​នី នៅពេលដោតខ្សែភ្លើងនឹងព្រីនោះសង្ស័យដៃសើម ទើបឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ដួលផ្ងារក្រោយបោកក្បាល និងកៅអីថ្មស្លាប់ភ្លាមនៅនឹងកន្លែង ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី និងនគរបាលផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំភ្នំដី ស្ត្រីរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់