ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសវ័យ២២ឆ្នាំម្នាក់ផឹកស្រវឹងជិះម៉ូតូប្រើល្បឿនលឿនដួលខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចស្ពានប្រឡាយថ្មីស្ថិតនៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រីខឹមចន្ត្រាក់វិនាថអធិការរងនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះភឿត សៀវ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់។
សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។ចំពោះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1B-7253ស៊េរីឆ្នាំ២០១៤សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
លោកអធិការរងបានបន្តថាគ្រោះថ្នាក់ចរាចារណ៍មួយនេះគឺបណ្តាលមកកត្តាប្រើប្រាស់ល្បឿនលឿននិងបើកបរក្នុងស្ថានភាពស្រវឹង៕
មតិយោបល់