ព័ត៌មានជាតិ

អន្តោប្រវេសន៍ខេត្តឈៀងម៉ៃ នឹងបញ្ជូនពលករខុសច្បាប់៣៦នាក់មកកម្ពុជានាថ្ងៃនេះ

ថៃ: កម្លាំងតម្រួតថៃផ្នែកអន្តោប្រវេសន៍ប្រចាំខេត្តឈៀងម៉ៃ ត្រៀមនឹងបញ្ជូនខ្លួន ពលករខ្មែរដែលលបឆ្លងដែនខុសច្បាប់ចំនួន៣៦នាក់ ត្រឡប់ម​ក​កម្ពុជាវិញតាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកម្រៀង ខេត្តបាត់ដំបង ខណ:ដែលពួកគេទាំងអស់កំពុងធ្វើដំណើរចេញពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីធ្វើ​ការងារជាកម្មករ បេះផ្លែឈើ ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃ បានបញ្ជាក់ថា នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងតម្រួតនៃអធិការដ្ឋានស្រុកមឿង ខេត្តឡាំភូន ប្រ​ទេស​​ថៃ បានចេញប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញពលករខ្មែរមួយក្រុម ដែលក្នុងនោះមានក្មេង មានចាស់ កំពុងធ្វើ​ដំណើរលើដងផ្លូវ​ឈៀងម៉ៃ ក្នុងទិសដៅពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ត្រង់ចំណុចភូមិ៧ ឃុំអ៊ុមោង ស្រុកឡាំភូន ។ ដោយមានការសង្ស័យព្រោះគេសង្គេតឃើញមានឥវ៉ាន់​សំពីងសំពោង​ផងនោះ ទើបក្រុមតម្រួតបានឃាត់ពួកគេទាំងអស់គ្នាដើម្បីធ្វើការសាកសួរទើបដឹងថា ពួកគេគឺជាពលករខ្មែរចំនួន៣៦ នាក់ក្នុងនោះមានអនីតិជន៧ នាក់ផងដែរ កំពុង​ស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ព្រមទាំងគ្មានច្បាប់អនុញ្ញាតថែមទៀត ដូច្នេះទើបក្រុមតម្រួតនាំពួកគេទៅកាន់អធិការដ្ឋានដើម្បីសាកសួរតែម្តង ។

ក្រោយពីបានស្តាប់ចម្លើយសារភាព ទើបដឹងថាពួកគេកំពុងធ្វើដំណើរទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីធ្វើជាកម្មករក្នុងចម្ការតាង៉ែន ដោយពុំមានច្បាប់ឆ្លងដែននោះឡើយ ។ ក្នុងនោះដែរ ពាក់ព័ន្ធនឹងការឃាត់ខ្លួនពលករខ្មែរទាំង ៣៦ នាក់នេះ គឺកម្លាំងតម្រួតថៃពុំមានធ្វើទារុណកម្មលើរាងកាយ​ឬរឹបអូសទ្រព្យសម្បត្តិរបស់ពលករណាម្នាក់​នោះ​ឡើយ ព្រមទាំងបានប្រគល់ទៅឲ្យខាងជំនាញធ្វើការតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី ១៤ ខែកញ្ញានេះ ត្រូវបានគេដឹងថា កម្លាំងអន្តោប្រវេសន៍ថៃប្រចាំខេត្តឈៀងម៉ៃ នឹងចាត់បញ្ជូនពលករទាំងអស់នេះ មកកម្ពុជាវិញនាថ្ងៃទី១៥ ខែកញ្ញានេះ ដោយឆ្ពោះតាមច្រកអន្តរជាតិដូងក្នុងទឹកដីស្រុកកម្រៀង ខេត្តបាត់ដំបង វិញហើយដោយមិនមានការឃុំខ្លួនអ្វីនោះទេ ប៉ុន្តែអាចនឹងមានរយ:ពេល ៣ទៅ៤ថ្ងៃទៀត ទើបពលរដ្ឋខ្មែរទាំង៣៦នាក់ អាចត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសារតែត្រូវឆ្លងកាត់ច្រកទ្វាព្រំដែនមួយចំនួនទៀត និងមានចម្ងាយឆ្ងាយទម្រាំនឹងមកដល់ប្រទេសកម្ពុជា ៕

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

ចំណាកស្រុក

មតិយោបល់