កំពង់ស្ពឺៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីយប់ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចូលរួមសហការជាមួយផ្នែកជំនាញបច្ចេកទេសពិនិត្យវិភាគខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់គ្រូពេទ្យកោសលវិច័យខេត្តកំពង់ស្ពឺ រួមទាំងអាជ្ញាធរភូមិឃុំ បានធ្វើការពិនិត្យសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ(សង្ស័យជាជនជាតិចិន) មានភិនភាគ សម្បុរស មាឌធំ កម្ពស់១.៧០ម៉ែត្រ អាយុប្រហែល ៣០ឆ្នាំ ដែលមានគេប្រទះឃើញច្រកក្នុងវ៉ាលីបោះចោល នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤-១០៥ ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
– ក្រោយការពិនិត្យ ឃើញថា នៅលើដងខ្លួនរបស់សាកសព ផ្នែកករ និងក្បាល គឺមានស្នាមរបួសជាច្រើនកន្លែង ដោយការយករបស់រឹងចាក់ និងវាយ។
– តាមការសន្និដ្ឋានសាកសព គឺស្លាប់ដោយមានការពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម។
ករណីខាងលើសាកសពគឺត្រូវបានប្រគល់ទៅឲ្យនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រដើម្បីយកទៅរក្សាទុក និងអនុវត្តតាមនីតិវិធី៕
មតិយោបល់