ព័ត៌មានជាតិ

មុខសញ្ញារលួចទ្រព្យសម្បត្តិមានតម្លៃតាមផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម នៅខេត្តប៉ៃលិនពេលនេះសមត្ថកិច្ចក្របួចជាប់ហើយ

ប៉ៃលិន: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន លោកវរសេនីយ៍ត្រី អ៊ឹង សុផល អធិការរង ដឹកនាំកម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា ចុះល្បាតជុំវិញភូមិសាស្រ្ត ដើម្បីបង្ការបទល្មើសផ្សេងៗ រហូតដល់វេលាម៉ោង០៣ និង៥៨នាទី ក៏បានប្រទះជួបក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ០២គ្រឿង មានគ្នាចំនួន០៣នាក់ បានកាប់កញ្ចក់ឡានប្រជាពលរដ្ឋដែលចតនៅមុខផ្ទះ ស្ថិតនៅទុលមុខខ្លោងទ្វារព្រះវិហ៊ារឥស្លាម ភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពេលនោះកម្លាំងល្បាតបានដេញតាម និងឃាត់បានក្មេងទំនើងទាំងបីនាក់ រួមទាំងម៉ូតូ០២គ្រឿង នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ហាច ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (លួច០៦លើក កាប់កញ្ចក់ឡាន០១លើក)។
២-ឈ្មោះ សេង សុភី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣-ឈ្មោះ ហុង ធួន ហៅប៊ឺត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(លួច០៥លើក)។
-ក្រោយពីសាកសួររួចពួកគេបានសារភាពថាខ្លួនបានធ្លាប់ដើរលួចធុងទឹកកក ទ្រព្យសម្បត្តិមានតម្លៃតាមផ្ទះរបស់ប្រជាពលរដ្ឋ ប្រាកដមែនរួមទាំងបក្សពួក ។
លុះដល់វេលាម៉ោង០៩ និង០០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តនីតិវិធីចុះទៅនាំខ្លួនបក្សពួកបន្ថែមទៀតបានចំនួន០៥នាក់ មកសាកសួររួមមាន៖
១-ឈ្មោះ ឃី ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(លួច០៤លើក)។
២-ឈ្មោះ សោម បូរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(លួច០២លើក)។
៣-ឈ្មោះ ណូច រ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(លួច០៣លើក)។
៤-ឈ្មោះ ប៉ិល ជុងហ៊ួរ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(លួច០៥លើក)។
៥-ឈ្មោះ សៀវ ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(លួច០១លើក)។
សរុបក្រុមនេះបានធ្វើសកម្មភាពលួចធុងទឹកកក និងទ្រព្យសម្បត្តិមានតម្លៃតាមផ្ទះរបស់ប្រជាពលរដ្ឋចំនួន២៦លើក ទទួលបណ្តឹងចំនួន០៨ច្បាប់។
ក្រោយពីសាកសួររួចក្រុមទាំងនេះ បានសារភាពថាខ្លួនពិតជាបានដើរលួចធុងទឹកកក និងទ្រព្យសម្បត្តិមានតម្លៃតាមផ្ទះរបស់ប្រជាពលរដ្ឋទាំង២៦លើកពិតប្រាកដមែន ។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតបានម៉ូតូ០២គ្រឿងម៉ាក អិចសាយទ័រ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ គ្មានផ្លាកលេខចំនួន០១គ្រឿង និង ម៉ូតូស៊ុយសាគីឡែត ពណ៌សលាយខៀវសេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ ១HL ៤០៨៥ ចំនួន០១គ្រឿង រួមទាំងទូរស័ព្ទដៃបីគ្រឿង និងដាវស៊ាំម៉ូរ៉ៃចំនួន០១ដើម ។
បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់