ជាបាតុកម្ម ល្មើសនឹងបំរាមអាជ្ញាធរ! នៅកណ្តាលក្រុង បាតុកររាប់រយនាក់ ក្នុងសម្លៀកបំពាក់ខ្មៅ ពាក់ម៉ាស់ និងរក្សាគម្លាតល្មមផង បានលើកបដាប្រឆាំង និងស្រែកទាមទារឲ្យលោកនាយករដ្ឋមន្ត្រី មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ចុះពីតំណែងប្រមុខរដ្ឋាភិបាល។ តាមបាតុករ គឺ «រដ្ឋាភិបាលគិតតែពីប្រយោជន៍សេដ្ឋកិច្ច តែបំផ្លាញប្រជាធិតេយ្យ។» អ្នកខ្លះ ក៏សរសេរបដាថា «រដ្ឋាភិបាលបរាជ័យ» និងថា «រាស្ត្រកំពុងស្រេកឃ្លាន» ជាដើម។
ក្រុមអ្នករៀបចំបាតុកម្ម ថាចំនួនបាតុករ អាចមានច្រើនរាប់រយពាន់នាក់ តែបើតាមប៉ូលីស ថាមានតែប្រហែលជា៤០០នាក់ប៉ុណ្ណោះ។ កម្លាំងសមត្ថកិច្ចបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ចំពោះបាតុករដែលរំលោភបំពាននឹងបំរាមរបស់អាជ្ញាធរ គឺក្រុមប៉ូលីសនឹងស៊ើបចាប់ខ្លួនមកសួរចម្លើយ។
ចំណែកនៅតាមបណ្តាផ្ទះប្រជាជន ក៏មានទង់ សខ្មៅ បក់រវិចៗតាមមាត់បង្អួចដែរ ដើម្បីជាការគាំទ្រដល់ហ្វូងបាតុករ។ និមិត្តសញ្ញាពណ៌ ស បង្ហាញប្រាប់ថា ពួកគេកំពុងតែស្រេកឃ្លានអាហារ ហើយពណ៌ ខ្មៅ គឺសំដៅថា អ្នកកាន់អំណាចរដ្ឋ ត្រូវចុះចេញពីតំណែង។
ឡើងកាន់តំណែង នៅខែមីនាឆ្នាំ២០២០ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ពុំមែនទទួលតំណែងដោយសារការបោះឆ្នោតត្រឹមត្រូវពីប្រជាពលរដ្ឋទេ។ លោកទទួលតំណែងពីការជ្រើសតាំងតាមការព្រមព្រៀងរបស់ពហុបក្ស ដើម្បីបង្កើតរដ្ឋាភិបាល និងក្រោយពីរដ្ឋាភិបាលចាស់ មានរឿងអាស្រូវពុករលួយ។ រដ្ឋាភិបាលចម្រុះនេះ ក៏កំពុងតែត្រូវដួលរលំដែរ ព្រោះសម្ព័ន្ធភាពបក្ស ត្រូវរង្គោះរង្គើរ និងបក្សខ្លះដកខ្លួនចេញ។
៦ខែហើយ ដែលរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាតិ។ វិធានការនេះ ត្រូវផុតកំណត់ត្រឹមថ្ងៃអាទិត្យទី១សីហានេះហើយ តែវិធានការបិទប្រទេស គឺនៅតែបន្តអូសបន្លាយ។
ប្រឈមនឹងជំងឺកូវីដជាច្រើនខែ មានយុវជនម៉ាឡេស៊ីជាច្រើននាក់ ខ្លះរៀនចប់មានសញ្ញាបត្រ តែគ្មានការងារធ្វើ។ អ្នកខ្លះទៀត បានសម្រេចចិត្តសម្លាប់ខ្លួន។ នារីបាតុករម្នាក់បានប្រាប់អ្នកសារព័ត៌មាន ថា រវាង៨ម៉ោងម្តង មានយុវជនម៉ាឡេស៊ីម្នាក់ធ្វើអត្តឃាត ពីព្រោះតែរូបគេអស់សង្ឃឹមនឹងវិបត្តិនយោបាយ ការអត់ការងារធ្វើ ហើយវិបត្តិផ្លូវចិត្ត ក្នុងសម័យកូវីដ។
តាមទីភ្នាក់ងារព័ត៌មានបារាំងAFP ប្រជារាស្ត្រម៉ាឡេស៊ី ចំនួនប្រមាណ ១លាន១សែននាក់ បានឆ្លងមេរោគកូវីដ ហើយក្នុងនោះ មានស្លាប់ ជាង ៨ពាន់ ៨រយនាក់ ៕
មតិយោបល់