ព័ត៌មានជាតិ

កាច់កម៉ូតូគេបានហើយគេចមិនរួច ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ រីឯ២នាក់ទៀតគេចបាត់!

ភ្នំពេញ: ជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក ៤នាក់ដែលធ្វើសកម្មភាពលួចកាច់សោកម៉ូតូប្រជាពលរដ្ឋបានសម្រេច ហើយព្យាយាមគេចខ្លួនត្រូវបានសមត្ថកិច្ចធ្វើការល្បាតឃាត់ខ្លួនបាន រីឯបក្ខពួក២ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានផ្ទះល្វែងមួយកន្លែង មានយីហោ (បុរី ប៊ុនជេសតា) តាមបណ្តោយផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ២នាក់ដែលត្រូវឃាត់ខ្លួននោះ ទី១ឈ្មោះ ប៊ុន រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាដក មានទីលំនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងទី២ឈ្មោះ មាស សីហា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិទំពេ ឃុំចំណា ស្រុកស្ពង ខេត្តកំពង់ស្ពឺ។ ចំណែកឯម្ចាស់ម៉ូតូមានឈ្មោះ វី ចំរុំ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មកសំណង់ស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ៧ព្រឹក រូបខ្លួនបានចូលធ្វើការ ហើយបានទុកម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ សៀមរាប 1T-5226 នៅខាងក្រោមបន្ទប់ឡៅតឿនៅក្នុងផ្ទះល្វែង ដែលកំពុងសាងសង ដោយមិនបានចាក់សោកត្រឹមត្រូវនោះឡើយ រួចមកក៏បានឡើងទៅធ្វើការនៅក្នុងបន្ទប់ឡៅតឿខាងលើ រហូតដល់វេលាម៉ោង ៩និង៥០នាទី រូបខ្លួនបានចុះពីលើបន្ទប់ឡៅតឿមកយកមូទ័រស្វានដែលទុកជិតម៉ូតូ ខណ:ពេលចុះមកដល់ខាងក្រោម ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ហើយក៏ស្រែកឆោឡោថា មានចោរកាច់កម៉ូតូរបស់ខ្លួនយកទៅបាត់ហើយ រួចក៏មានការភ្ញាក់ផ្អើលដល់អ្នកធ្វើការជាមួយគ្នា ហើយក៏បានរត់ទៅប្តឹងសមត្ថកិច្ចដែលកំពុងជិះល្បាតនៅក្បែរនោះ។ ភ្លាមៗនោះ មានការសង្ស័យទៅលើជនសង្ស័យ ២នាក់ ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន និងដកហូតបានដែកសម្រាប់កាច់សោកម៉ូតូមួយ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីធ្វើការសាកសួរបន្ត។ ចំណែកឯបក្ខពួកគេ ២នាក់ទៀត ជិះម៉ូតូ ២គ្រឿងគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់