ភ្នំពេញៈ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជាជាងកាត់សក់ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីខាងលើនេះ តាមប្រភពព័ត៌មានពីភរិយាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្វាមីរបស់នាងបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះរបស់ខ្លួន រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះប្រកែកគ្នាជាមួយនឹងបុរសម្នាក់ ដែលស្គាល់ថា ជាអ្នកនៅជិតខាង ។ ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់ទៅលើស្វាមីរបស់ខ្លួន បណ្ដាលឲ្យដួលដេកស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។ បន្ទាប់ពីបាញ់ប្រហាររួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកនាំខ្លួនគ្រួសារសាច់ញាតិជនដៃដល់ យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីធ្វើសាកសួរ ។ ករណីនេះគេមិនទាន់ដឹងពីមូលហេតុ នាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយ។
សពជនរងគ្រោះឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មុខរបរជាជាងកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់ទុកនៅកូនស្រីតូចៗចំនួន៤នាក់ឱ្យរស់នៅកំព្រាឪពុកដែលជាបង្អែកនៃជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៩ឆ្នាំ កូនស្រីទី៣ អាយុ៥ឆ្នាំ កូនស្រី ទី៤ អាយុ១ឆ្នាំ។
នៅកន្លែងកើតហេតុ មានការសង្វេគចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរងគ្រោះ។
អ្នកនៅកន្លែងកើតហេតុបានកើតការតក់ស្លុតអាណិតក្រុមគ្រួសារជនរងគ្រោះ ជាពិសេសកូនៗជនរងគ្រោះដែលនៅតូចៗនៅឡើយ មិនដឹងមានវាសនាយ៉ាងណាទៅថ្ងៃមុខ បើឪពុកជាបង្អែកដ៏ធំក្នុងគ្រួសារបានស្លាប់ចោលពួកគេទៅហើយ។
អ្នកនៅកន្លែងកើតហេតុ ក៏កើតការហួសចិត្តជាខ្លាំង ចំពោះការខ្វះក្តីមេត្តា និងការអភ័យឱ្យគ្នារបស់គូជម្លោះនេះ ហើយបែរប្រើអំពើហិង្សាបន្សល់នូវវិប្បដិសារីម្ខាង ត្រូវស្លាប់ ម្ខាងប្រឈមជាប់ទោសពេញមួយជីវិត ៕
មតិយោបល់