កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងដាក់ប្រាក់) នៅចំណុចចម្ការស្វាយចន្ទីភូមិអូរវាយ ឃុំស្ពី ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោស្នងការឲ្យដឹងថា ក្នុងប្រតិបត្តិការនោះឃាត់ខ្លួនបានមុខសញ្ញាចំនួន០៥នាក់ គឺ៖១- ឈ្មោះ ឡា វី ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទំពាងឫស្សី ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម, ២-ឈ្មោះ រ៉ន ណេង ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ ភូមិស្ពឺ(ក) ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម, ៣-ឈ្មោះ ស៊ា ជុំ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ ភូមិអូរវាយ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម ៤-ឈ្មោះ ជុំ ស៊ីណា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ ភូមិពែងមាសត្បូង ឃុំរស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម និង៥-ឈ្មោះ ខៀវ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ ភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖ ១-ទូរស័ទ្ទដៃ០១ចំនួនគ្រឿង, ២-ម៉ូតូចំនួន០៨គ្រឿង, ៣-ចានអាប៉ោង, ៤-កន្រ្តកមាន់ចំនួន០២, ៥-ផ្តិលក្របអាប៉ោង០១, ៦-ហាន់តោ០១, ៧-មាន់ចំនួន០១(ងាប់), ៨-ស្កុតរុំនិងខ្នាយដែកមួយចំនួន, ៩-ប្រាក់រៀលចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់