ព័ត៌មានជាតិ

ឃាត់រថយន្តដឹកសត្វប្រវឹក មួយគ្រឿង ម៉ាកឡង់គ្រីស័រ ផ្លាកលេខ (ខ.ម ២ ៦១៥៨-០៧) ភូមិភាគ៥ រួមនឹងជនសង្ស័យចំនួន២នាក់

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង បានចាប់ឃាត់រថយន្តចំនួន០១គ្រឿង ដឹកសត្វព្រៃខុសច្បាប់ ដែលមានទិសដៅចេញពីច្រកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០២នាក់ វត្ថុតាង និងមធ្យោបាយដឹកជញ្ជូន ជនសង្ស័យទី១-ឈ្មោះ ឆាយ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិកៀប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យទី២-ឈ្មោះ យ៉េង ឈុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

វត្ថុតាងបង្រ្កាបបានរួមមាន៖ ១.សត្វស្លាប(ប្រវឹក) ចំនួន ៣៨២ក្បាល, ២.រថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ១៩៩៨ ពណ៌ប៉ារ៉ា (ត្រេអ៊ី) ផ្លាកលេខ ខ.ម ២ ៦១៥៨-០៧ភូមិភាគ៥ ចំនួន០១គ្រឿង។

សមត្ថកិច្ចចម្រុះបានយកសត្វប្រវឹកទាំងនេះទៅព្រលែងនៅស្រះឈូក ស្រុកបន្ទាយស្រី។ ចំណែកមធ្យោបាយ ដឹកជញ្ជូន និងជនសង្ស័យកម្លាំងចម្រុះប្រគល់ឲ្យទៅមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីបន្តអនុវត្តនីតិវិធី ទៅតាមច្បាប់ ៕

មតិយោបល់