ព័ត៌មានជាតិ

កុមារី២នាក់ ត្រូវជីដូនមួយនឹងគ្នា ទៅលេងទឹកលូ បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់

បន្ទាយមានជ័យ: យោងតាមផេក​ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីចំនួន០២នាក់ បាននាំគ្នាទៅងូតទឹកលេងនៅចំណុចលូទឹកមួយកន្លែងចុងភូមិ បណ្តាលឲ្យលង់ស្លាប់ទាំង០២នាក់ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង០២នាក់ ម្នាក់មានឈ្មោះ ភាព ចំណាន ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ភាព តុលា និងម្តាយឈ្មោះ ឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀត ឈ្មោះ វ៉ាង សុខវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះ ឈឿន ចាន់ណា មានទីលំនៅភូមិបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្មេងស្រីរងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះទាំង០២នាក់ បាននាំគ្នាមកងូតទឹកហូរលេងនៅចំណុចលូទឹកចុងភូមិមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំតាគង់ ខណ:ដែលទឹកកំពុងជន់ឡើងមានក្មេងៗបានមកងូតទឹកលេង ក្នុងនោះក៏មានក្មេងស្រីរងគ្រោះក៏នាំគ្នាមកងូតទឹកលេងផងដែរ បណ្តាលឲ្យលង់ទឹកស្លាប់ទាំង០២នាក់បងប្អូន ៕

មតិយោបល់