ព័ត៌មានជាតិ

ស្រ្តីម្នាក់កំពុងចៀនចេកលក់សុខៗ ស្រាប់តែភ្លើងឆាបឆេះធុងហ្គាស បណ្តាលឲ្យរលាកខ្លួន

ភ្នំពេញៈ ស្រ្តីអ្នកលក់ចេកចៀនម្នាក់ បានរងរបួសរលាកភ្លើង ដោយសារតែភ្លើងឆាបឆេះធុងហ្គាស ពេលដែលគាត់កំពុងចៀនចេកលក់ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងផ្សារទួលលៀប ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះ ផេង រ៉េម អាយុជាង៤០ឆ្នាំ មុខរបរលក់ចេកចៀន មានទីលំនៅកន្លែងកើតហេតុ រងរបួសរលាកខ្លួនប្រាណធ្ងន់ធ្ងរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីរងគ្រោះបាន ប្រើចង្រ្កានហ្គាសដែលមានធុងធំ ដើម្បីចៀនចេកលក់នៅមុខផ្ទះរបស់គាត់ ដែលស្ថិតនៅក្នុងផ្សារទួលលៀបនោះ ហើយធុងហ្គាសនោះទៀតសោត គឺគាត់ទើបតែបញ្ចូលរួចថ្មីៗថែមទៀតផង ។ លុះពេលកំពុងតែចៀនចេកសុខៗ ស្រាប់តែភ្លើងបានឆាបឆេះធុងហ្គាសយ៉ាងសន្ធោរសន្ធៅ តែម្ដងពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយដោយខ្លាចឆេះដល់ផ្ទះ ស្រ្តីខាងលើក៏បានស្រវាទាញធុងហ្គាសដែលកំពុងឆេះនោះចេញឲ្យផុតពីផ្ទះទើប បណ្ដាលឲ្យរលាករងរបួស ។

ប្រភពដដែលវានបន្តថាចំណែកអ្នកភូមិបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ បានយកដីខ្សាច់ទៅជះនិងយកក្រណាត់ទៅជ្រលក់ទឹករួចយកទៅគ្របពីលើថែមទៀត ប៉ុន្តែភ្លើងមិនរលត់ឡើយ នៅតែឆេះយ៉ាងពេញបន្ទុក ។ ហើយអ្វីដែលជាសំណាងល្អទៀតនោះ គឺធុងហ្គាសខាងលើអត់ផ្ទុះបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ ប៉ុន្តែបើផ្ទុះវិញនិងមានអ្នករងគ្រោះច្រើនព្រមទាំងឆាបឆេះផ្សារទាំងមូលបាត់ទៅហើយ ។ ក្រោយមកអ្នកភូមិបានយករថយន្តដឹកទឹកទៅបាញ់ពន្លត់ទើបរលត់ទៅវិញ ៕

មតិយោបល់