ព័ត៌មានជាតិ

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​បង្កើន​ដល់ $១៦​ពាន់​លាន​

​ទំហំ​ពាណិជ្ជកម្ម របស់​ប្រទេស​កម្ពុជា បាន​កើនឡើង​ដល់ ១៥,៩​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៣ ដែល​បាន​កើនឡើង ១៨​ភាគរយ ពី ១៣,៤​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១២​។ នេះ​បើ​យោងតាម របាយការណ៍​របស់ ក្រសួង​ពាណិជ្ជកម្ម​។​

​យោង​តាម​ការចុះផ្សាយរ​បស់ AKP ជា​ភាសា​អង់គ្លេស​បានឲ្យដឹងថា ការនាំចេញ​របស់​ប្រទេស​កម្ពុជា​មាន​តម្លៃ ៦,៩​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​កើនឡើង ២៦​ភាគរយ បើ​ប្រៀបធៀប​នឹង ៥,៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១២ ខណៈពេល​ដែល​ការ​នាំចូល មាន​ចំនួន ៩​ពាន់​លាន​ដុល្លារ អាមេរិក ពោល​គឺ​កើនឡើង​ប្រហែល ១៤​ភាគរយ បើ​ធៀប​នឹង ៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​កាលពី​ឆ្នាំ ២០១២​។​
​សព្វថ្ងៃ គោលដៅ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​កម្ពុជា រួមមាន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​ចិន ថៃ វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង​ជាដើម​។​

​នៅក្នុង​រយៈពេល ១១​ខែ​ដំបូង​ឆ្នាំ ២០១៣​កម្ពុជា បាន​នាំចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ២,៥៧ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កម្ពុជា​បាន​នាំចូល ពី​សហរដ្ឋអាមេរិក បាន​លើស​ពី ២១៤​លាន​ដុល្លារ សហរដ្ឋអាមេរិក​។ ក្នុង​រយៈពេល ដូចគ្នានេះដែរ កម្ពុជា​បាន​នាំចូល ពី​ប្រទេស​ជប៉ុន ១៩១​លាន​ដុល្លារ អាមេរិក បាន​ធ្លាក់ចុះ ១០,៦​ភាគរយ ហើយ​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន ៥៤៥​លាន​ដុល្លារ អាមេរិក គឺ​កើនឡើង ៤៥​ភាគរយ​។​

​ផលិតផល​នាំចេញ​ចម្បង​របស់​ប្រទេស​កម្ពុជា រួមមាន សម្លៀក​បំពាក់ អង្ករ កៅស៊ូ ម្រេច និង ផលិតផល​ផ្សេងទៀត ហើយ​ការ​នាំចូល​ប្រេងសាំង គឺ​មាន​សម្ភារ​សំណង់ រថយន្ត និង​ធាតុ​ផ្សេងទៀត​៕​
shipping-container2

មតិយោបល់