ព័ត៌មានជាតិ

ល្បិចថ្មី! បុរសម្នាក់ ចេញពីផឹកស៊ី ជិះម៉ូតូអស់សាំងតាមផ្លូវ ត្រូវជនសង្ស័យ៣នាក់ ប្រើល្បិចយកម៉ូតូចាក់សាំង ជិះទៅបាត់ស្រមោល

ភ្នំពេញ: អ្នកធ្វើដំណើរតាមដងផ្លូវទៅណាមកណាមេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើង មានការធ្វេសប្រហែសតែបន្តិច ជនឆ្លៀតឱកាស អាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល ជាក់ស្ដែងល្បិចថ្មី ធ្វើជាចិត្តល្អខណ:ដែលបុរសម្នាក់ ចេញពីផឹកជិះម៉ូតូអស់សាំង តាមផ្លូវ ក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមាន ជនសង្ស័យ៣នាក់ចិត្តល្អជួយធាក់ម៉ូតូទៅចាក់សាំងឲ្យ លុះយកសាំងចាក់រួចហើយ ក៏បញ្ឆេះជិះយកចេញទៅបាត់ស្រមោល កាលពីវេលាម៉ោង០២និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចក្បែរភោជនីយដ្ឋានផ្ទះផាតធី ផ្លូវបែកជាបួន លើផ្លូវ១៣៨ កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យយកទៅបាត់នោះ ម៉ាក ហុងដា ស្កូបពី (Honda Scoopy) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 0233 មិនចាំអក្សរទេ។

បើតាមសម្ដីជនរងគ្រោះមានឈ្មោះ មៀន ចិត្រា អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរ ជួយលក់រថយន្ត ស្នាក់នៅ ហ្គារ៉ាស លក់រថយន្តមួយកន្លែង នៅតាមផ្លូវកម្ពុជាក្រោម ខាងកើតស្ពានអាកាសពេទ្យលោកសង្ឃប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿង ចេញពីផឹកស៊ីនៅ ហ្គារ៉ាសលក់រថយន្តថៅកែរបស់ខ្លួន សាខាទី២ នៅចំណុចស្តុបកោសដូង ដោយធ្វើដំណើរតាមផ្លូវ២៦១ ស្រាប់តែម៉ូតូអស់សាំង បណ្ដើរ ក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមាន ជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង (ស៊េរីAuto មិនចាំម៉ាក) ពីក្រោយ ធ្វើជាចិត្តល្អមកជួយធាក់ម៉ូតូរបស់គាត់ ទៅរកកន្លែងចាក់សាំង ហើយគាត់ក៏ប្រាប់ថា បើជ្រុលជាពួកបងជួយគាត់ហើយ ជួយធាក់ឲ្យទៅដល់ហ្គារ៉ាសលក់រថយន្តរបស់ថៅកែគាត់តែម្ដងទៅ នៅផ្លូវកម្ពុជាក្រោមតែម្ដងទៅ ពួកគេក៏យល់ព្រម ហើយធាក់ម៉ូតូមកដល់ចំណុចកើតហេតុ កែងផ្លូវ១៣៨ ជិតភោជនីយដ្ឋាន ផ្ទះផាតធី ក៏ឈប់ម៉ូតូទាំងអស់គ្នា ។

ប្រភពពីជនរងគ្រោះបន្ថែមទៀតថា ខណ:ពេលឈប់នៅចំណុចកើតហេតុ ជនសង្ស័យទាំងបីនាក់នោះ មិនដឹងទៅយកសាំងមួយដបទឹកសុទ្ធ(កន្លះលីត្រ)មកពីណាទេ បានបើកកែបម៉ូតូរបស់គាត់ រួចចាក់សាំងចូល ហើយគាត់ក៏លើកដៃសំពះអរគុណ ជនសង្ស័យក៏និយាយប្រាប់ថាមិនអីទេ រួចក៏ធ្វើជាបញ្ចេះឲ្យគាត់មើល ហើយឡើងជិះចេញទៅតាមផ្លូវ១៣៨ ទិសដៅពីលិចទៅកើតគេចខ្លួនបាត់ស្រមោល តែម្ដង ។

ភ្លាមៗនោះគាត់ក្រឡេកមើលឆ្វេងមើលស្ដាំដែរ ផ្លូវបំបែកជាបួន គឺគ្មានមនុស្សណាម្នាក់ឡើយ ព្រោះគេចូលសម្រាកក្នុងផ្ទះរៀងៗខ្លួនអស់ហើយ មិនដឹងជាស្រែកប្រាប់អ្នកណាឲ្យជួយទេ ទើបដកទូរស័ព្ទទំនាក់ទំនងទៅប្រាប់ កូនចៅរបស់ខ្លួនដែលនៅឃ្លាំងលក់រថយន្តបានដឹងដែរ តែពួកគេមិនទាន់ជឿ ទើបគាត់ដើរទៅដល់ឃ្លាំងស្រែកហៅកូនចៅ២នាក់ចេញមកក្រៅ ហើយពួកគេក៏ឲ្យទាក់ទងទៅវិទ្យុ ABC ដើម្បីផ្សាយដំណឹងនេះផងដែរ ។

បន្តិចក្រោយមក ក្រុមអ្នកសារព័ត៌មាន យើងទៅដល់ ហើយធ្វើការសាកសួរ រួចនាំជនរងគ្រោះមកចង្អុលបង្ហាញ កន្លែងកើតហេតុវិញ គឺមកដល់ឃេីញតែសំបកដបទឹកសុទ្ធដាក់សាំងដែលជនសង្ស័យបោះចោលកន្លែងកេីតហេតុតែប៉ុណ្ណោះ ។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ទី២ ក៏បានចុះមកពិនិត្យមើលដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី២ ដើម្បីសាកសួរ និងទទួលបណ្ដឹង ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនសង្ស័យទាំងនោះ លុះពេលមកដល់ប៉ុស្តិ៍សមត្ថកិច្ចសួរនាំមិនទាន់ច្បាស់លាស់ផង ជនរងគ្រោះប្រាប់ថា រូបគេងងុយខ្លាំងហើយ សុំឲ្យសមត្ថកិច្ចជួយដឹកទៅឃ្លាំងលក់រថយន្តថៅកែរបស់ខ្លួនវិញសិន ចាំស្អែកព្រឹកងើបមកដាក់ពាក្យបណ្ដឹងតាមក្រោយទៀត ៕

មតិយោបល់