ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ៣ខែម្នាក់ បានដាច់ខ្យល់ស្លាប់ពេលគ្រូពេទ្យកំពុងតែឆ្ពុង នៅមន្ទីរពេទ្យឯកជន ស្រុកសំបូរ

ក្រចេះ: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩និង៤០នាទី អធិការដ្ឋាននគរបាលស្រុកសំបូរបានទទួលបណ្ដឹងពីឈ្មោះ ហ៊ន បុណ្ណារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

ដោយបណ្ដឹងបានរាយការណ៍ថា៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ឈ្មោះ ហ៊ន បុណ្ណារិទ្ធ និងប្រពន្ធ ខ្លួនបានយកកូនឈ្មោះ រ៉ង ពិសិទ្ធ ភេទប្រុស អាយុ៣ខែ មកព្យាបាលនៅពេទ្យឯកជន វេជ្ជបណ្ឌិតឈ្មោះ ផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ មានទីលនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ ពេលយកកូនមកដល់ ផ្ទះពេទ្យភ្លាមពេទ្យបានពិនិត្យថាកូនរបស់គាត់ មានអាការៈមានស្លេះរុំទងសួត ហើយលោកគ្រូពេទ្យបានយកកូនរបស់គាត់ទៅ ដាក់(ម៉ាស៊ីនឆ្ពុង)ដើម្បីឲ្យស្រួលដកដង្ហើម តែពេលនោះឪពុកឈរមើលឃើញកូនបញ្ឈរភ្នែក ក៏ប្រាប់គ្រូពេទ្យឲ្យឈប់ឆ្ពុង ទៅព្រោះកូនគាត់បញ្ឈរភ្នែកហើយ ពេលនោះពេទ្យឆ្លើយថា មិនអីទេ នៅពេលគ្រូពេទ្យកំពុងតែ(ឆ្ពុង)កូនរបស់គាត់បានដាច់ខ្យល់ស្លាប់តែម្ដងទៅ។ ពេលកូនរបស់គាត់ស្លាប់ លោកគ្រូពេទ្យ ផាត់ ពិទូរ្យ អត់ទទួលខុសត្រូវ ហើយថែមនិយាយថា ចង់ទៅប្ដឹងពីណាទៅប្ដឹងទៅ គាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ។

ក្រោយពីគ្រូពេទ្យឈ្មោះ ផាត់ ពិទូរ្យ និយាយរួចហើយ គាត់ក៏បីកូនដែលស្លាប់នោះមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តធម៌ដល់កូនរបស់គាត់៕

មតិយោបល់