ព័ត៌មានជាតិ

ឃើញម្ដាយឪពុកសម្រាន្តលក់អស់ ខ្ជិលរំខានជិះម៉ូតូទៅផ្ទះបងប្អូន ស្រាប់តែជនសង្ស័យ ៣នាក់ កាប់ប្លន់ នៅស្រុកស្អាង

កណ្ដាល: កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ចំណុចបឹងកម្សាន្តភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ យកម៉ូតូ)។

ជនរងគ្រោះឈ្មោះ លា លីសា ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅ ភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ដឹកជញ្ជូនឥវ៉ាន់ តាមអនឡាញ។
ជនសង្ស័យ ៣នាក់៖
ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សម្ភារបាត់បង់៖
-ម៉ូតូ១គ្រឿងម៉ាកsuzuki let ពណ៌សលាយក្រហមផលិតឆ្នាំ២០១៨ស្លាកលេខ កណ្ដាល 1AA-9321 ។

វត្ថុតាងចាប់យក៖ (គ្មាន)

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ដែលមានភិនភាគដូចខាងលើ តែម្នាក់ឯងចេញពីផ្ទះរបស់ខ្លួនទៅកន្លែងដេប៉ូលក់គ្រឿងសំណង់ដែលគាត់ មើលការខុសត្រូវ ហើយជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះស្រាប់តែឃើញរបងផ្ទះចាក់សោដោយខ្ជិលរំខាន ឪពុកម្តាយ ដេកលក់ បន្ទាប់មកជនរងគ្រោះ ក៏ជិះម៉ូតូបំណង ទៅដេកផ្ទះបងប្អូននៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ លុះជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ៣នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា មើលពណ៌មិន ដឹងស៊េរី(មេឃងងឹត) តាមមកពីក្រោយហើយ
ម្នាក់អង្គុយខាងក្រោយ បានកាន់ដាវយា កាប់សំដៅក្បាល ជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ គេចផុត ហើយផ្តួលម៉ូតូចោលរត់គេចពីកន្លែងកើតហេតុ ភ្លាមនោះជនសង្ស័យម្នាក់រត់ដេញតាមពីក្រោយបានប្រហែល ៣០ម៉ែត្រ ក៏ត្រឡប់ទៅកន្លែងម៉ូតូវិញ បានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនទៅទិសខាងត្បូងបាត់តែម្តង។
បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរការខ្ពស់ ដើម្បីជួយស្រាវជ្រាវតាមនីតិវិធី៕

មតិយោបល់