ព័ត៌មានជាតិ

ករណីឆក់កណ្ដុរបណ្ដាលឲ្យស្លាប់ខ្លួនឯង នៅស្រុកស្អាង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ‌ទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទី មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យស្លាប់(ឆក់កណ្ដុរស្លាប់ខ្លួនឯង) នៅចំណុចខ្នងប្រឡាយអូទោងមោង ស្ថិតនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះបានស្លាប់ឈ្មោះ ឡេ សម្បត្តិ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
–អាគុយចំនួន០១គ្រឿងម៉ាកអូបាម៉ា(OBAMA) ពណ៌ស កម្លាំង៥០អំពែ
– អាំងវ៉ាទ័រកែឆ្នៃ(ដុំឆក់)ចំនួន០១គ្រឿង
– ខ្សែលួសចំនួន០១ខ្សែ មានប្រវែង១៥០ម៉ែត្រ។

តាមការបំភ្លឺរបស់ឈ្មោះ ជ្រៀច វណ្ណា ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីរបស់ខ្លួនតែងតែយកអាគុយទៅឆក់កណ្ដុរ នៅលើខ្នងប្រឡាយ ដើម្បីយកកណ្ដុរមកលក់នៅទីផ្សាររៀងរាល់ថ្ងៃ។

លុះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦ និង០០នាទី គាត់បានទទួលព័ត៌មានពីអ្នកធ្វើស្រែនៅម្ដុំអូទោងមោង(កន្លែងកើតហេតុ) ប្រាប់គាត់ថាប្ដីរបស់គាត់ បានឆក់ជាមួយនឹងខ្សែលួសឆក់កណ្ដុរស្លាប់ហើយ ភ្លាមនោះក៏បានប្រាប់បងប្អូន អ្នកជិតខាងទៅយកសាកសពពីកន្លែងកើតហេតុមកផ្ទះ ។បន្ទាប់មក រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងយ៉ូវ។

បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីខាងលើភ្លាមសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកស្អាង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យឃើញថា៖
–ស្នាមខ្លោចខ្នងកជើងខាងឆ្វេង០១កន្លែង
–ស្នាមខ្លោចលើកែងជើងខាងស្ដាំ០១កន្លែង

ក្រៅពីស្លាកស្នាមដែលបាន រាយរាប់ខាងលើនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។លោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារយកអាគុយដាក់ឆក់កណ្ដុរយកមកលក់ ឆក់ចរន្តអគ្គិសនីស្លាប់ខ្លួនឯង។បច្ចុប្បន្ន​ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់