ព័ត៌មានជាតិ

Update៖ បុរសម្នាក់ខ្ចីលុយម្ដាយក្មេក ៥០ដុល្លារ ត្រូវម្ដាយបង្កើតស្ដីបន្ទោស ស្រាប់តែព្រឹកឡើងប្រទះឃើញចងសម្លាប់ខ្លួន ចោលប្រពន្ធកំពុងពពោះ ៧ខែ

ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្ត យកខ្សែលីឡុងមួយខ្សែចងភ្ជាប់នឹងដើមអំពិលទឹកចងកសម្លាប់ខ្លួនចោលប្រពន្ធពពោះ ៧ខែ បន្ទាប់ពីទៅខ្ចីលុយម្ដាយក្មេកបាន ៥០ដុល្លារ ត្រូវម្ដាយបង្កើតស្ដីបន្ទោសតិចតួចតែកូនមិនយល់វែងឆ្ងាយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង ៦និង ១៥នាទីព្រឹកថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២០ នៅដើមអំពិលទឹកចំណុចដីឡូត៍មួយកន្លែង ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ពៅ ធារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរដើរសង់រោងការនិងរោងបុណ្យ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានទៅខ្ចីលុយម្ដាយក្មេកបានចំនួន ៥០ដុល្លារ ហើយខណៈពេលមកដល់ផ្ទះវិញ ក៏បានប្រាប់ម្ដាយបង្កើតថា ខ្លួនបានខ្ចីលុយពីម្ដាយក្មេកចំនួន ៥០ដុល្លារ យកមកមួយថ្ងៃហើយ ភ្លាមៗនោះត្រូវបានម្ដាយបង្កើតស្ដីឲ្យថា ហេតុអីបានយកលុយម្តាយក្មេកទៅវិញ? មិនព្រមយកលុយគាត់ជា ម្តាយបង្កើតចាយទៅ ភ្លាមៗនោះជនរងគ្រោះអត់មានមាត់តបជាមួយនិងម្ដាយបង្កើតទេ ដោយនៅយប់កើតហេតុថ្ងៃទី២៩ ក៏បាននាំគ្នាចូលដេកអស់។

ព័ត៌មានបានបន្តទៀតថា លុះព្រឹកឡើងនៅវេលាម៉ោង ៦និង១៥នាទីព្រឹក ត្រូវបានបងប្អូនប្រជាពលរដ្ឋ គាត់ដើរហាត់ប្រាណនៅកន្លែងកើតហេតុ ប្រទះឃើញជនរងគ្រោះយកខ្សែនីឡុង ពណ៌សទៅចងជាប់នឹងដើមអំពិលទឹកចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទៅប្រាប់ឲ្យក្រុមគ្រួសារ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពីសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ស្នងការរាជធានីភ្នំពេញ ដើម្បីចុះមកកន្លែងកើតហេតុត្រួតពិនិត្យលើដងខ្លួនសាកសព ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើដងខ្លួនសាកសពបានបញ្ជាក់ថា សាកសពជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់