ខេត្តកំពង់ឆ្នាំង: បទល្មើសនេសាទអួន ទ្រង់ទ្រាយធំ ២គ្រឿង បាននិងកំពុងធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង នៅដែននេសាទ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជារៀងរាល់ថ្ងៃ ដោយ មិនឃើញសមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់បរិបូណ៍និងខណ្ឌកំពង់ឆ្នាំង ចេញបង្ក្រាបឡើយ ដែល ធ្វើឲ្យប្រជាពលរដ្ឋចោទប្រកាន់ថាគឺមានការឃុបឃិតគ្នា ជាមួយបទល្មើសនេះហើយ ទើបបទល្មើល អួននេះ ដំណើរការណ៍យ៉ាងរលូនទាំងថ្ងៃដូច្នេះ។
ប្រភពពីប្រជាពលរដ្ឋនេះ បានបន្តឲ្យអ្នកសារព័ត៌មានដឹងថា អួន២គ្រឿងនេះ ជារបស់ជន ជាតិវៀតណាម នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍នេះ ហើយអួនក្នុង១គ្រឿងៗមានកម្មករ ពី១៥ទៅ២០ នាក់និងមានកាណូត៣គ្រឿង អូសទាញដោយកំលាំងម៉ាស៊ីន ម៉ាសាដាឬនីសាន់(៦ម៉ាស៊ីនស្មើនឹង ១៦៥សេះ) និងមុជទឹកដោយម៉ាស៊ីនខ្យល់។
ប្រភពដដែលនេះបានបន្តថាបទល្មើសអួននេះធ្វើកម្មភាពជារៀងរាល់ថ្ងៃ នៅបឹងទន្លេសាប ឃុំឆ្នុកទ្រូនិងចល័តចូលក្នុងដែនក្នុងនេសាទ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយការធ្វើ សកម្មភាពតាំងពីដើមវិច្ឆិកា រហូតមកទល់បច្ចុប្បន្ន។
ប្រភពដដែលនេះបញ្ចាក់ថា នៅពេលទឹករាក់បន្តិចទៀត អួនទាំង២គ្រឿងនេះធ្វើសកម្មភាព នេសាទ ពីបឹងទន្លេសាប ក្នុងដែននេសាទខេត្តកំពង់ឆ្នាំង រហូតមកទល់កោះក្រញ៉ាននិងព្រុំប្រទល់ ស្រុកកំពង់លែង។
យោងតាមប្រភពព័ត៌មានពីអ្នកស្និទ្ធ ជាមួយអ្នករត់ការណ៍បទល្មើសនេសាទអួននេះ បាន និយាយឲ្យដឹងថា អួន១គ្រឿងៗគឺមានតម្លៃរត់ការសរុប ពី២០លានរៀល ទៅ២៥លានរៀល ជាថ្នូរធ្វើ សកម្មភាពនេសាទ១រដូវកាល ពោលគឺចាប់ពីទឹកសំរក់ រហូតមកទល់នឹងទឹកតំឡើង ក្នុងរដូវបិទ នេសាទ ។
សាធារណជនក៏ដូចជាប្រជាពលរដ្ឋ នៅតំបន់នោះ បានមើលឃើញនិងនិយាយថា ការ បង្ក្រាបបទល្មើសនេសាទ នៅតំបន់នោះបានធ្វើឡើង ជាបន្តបន្ទាប់ ប៉ុន្តែមិនបានប៉ះពាល់ឬរំខាន ដល់បទល្មើសនេសាទអួននេះទេ ពោលគឺបង្ក្រាបតែបទល្មើសណា ដែលគ្មានការទាក់ទងជាមួយ ពួក គេតែប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោក ម៉ូត សៀងហេង នាយសង្កាត់រដ្ឋបាលជលផល បរិបូណ៍ បានប្រាប់អ្នកសារព័ត៌មានថា អួនទាំង២គ្រឿងនេះ ថ្វីបើនៅឃុំឆ្នុកទ្រូ ក្នងដែនសមត្ថកិច្ចរបស់លោក មែន ប៉ុន្តែពួកគេធ្វើសកម្មភាពនេសាទ នៅបឹងទន្លេសាប ខាងខេត្តពោធិ៍សាត់ឯណោះទេ។
ចំណែក លោកតាំង លី នាយផ្នែករដ្ឋបាលជលផល ក្រគរនិងលោក ផេម សុខុន នាយសង្កាត់រដ្ឋបាលជលផល កំពង់លួង បានឆ្លើយបដិសេធន៍ថា លោកមិនបានដឹងរឿងនេះទេ ប៉ុន្តែក្រែងបទល្មើសនេសាទនេះលួចធ្វើ ចន្លោះប្រតិបត្តិការ របស់ លោក៕
ព័ត៌មានជាតិ
មតិយោបល់